ដោយៈ ពៅនិមល / ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍ នឹងផ្តល់ការគាំទ្រ ដល់ក្រសួងកសិកម្ម លើការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត នៅក្នុងក្រសួងកសិកម្ម ព្រមទាំងការសហការរៀបចំ ថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។
ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅ កាលពីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រវាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទាំងពីរ សរុបប្រមាណ ២៨០ នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយចប់ពិធីអនុស្សរណៈនេះ ក្រសួងទាំងពីរ ខាងលើ បានបញ្ជាក់ថាៈ ការចុះអនុស្សរណៈនេះ គឺបង្ហាញឱ្យឃើញពីកិច្ចខិតខំ ប្រឹងប្រែង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល ក្នុងការជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះ បណ្តាល មូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ក្នុងរដ្ឋបាល សាធារណៈ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋរបស់ក្រសួង ស្ថាប័ន ស្របតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
ទន្ទឹមនឹងនេះ អនុស្សរណៈនេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការ ប្រកបដោយ ស្មារតី បុរេសកម្មរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមប្រើ ប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ឌីជីថល របស់ខ្លួនផងដែរ។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់ រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើ ក្នុងគោលបំណងលុបបំបាត់ ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញ ការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារ នៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើង តាមរយៈ ការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមាន សុវត្ថិភាពខ្ពស់ នៅលើសន្លឹក នៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារ ដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុ កូលកម្ម លើឯកសារថតចម្លង ក្នុងទម្រង់ ជាក្រដាសឡើយ៕ V / N