​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​ចិន​បាន​ជួបពិភាក្សា​ជាមួយ​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋធានី​ណៃ​ពីដោរ​កាលពី​ថ្ងៃ​អង្គារ ដែល​វា​កត់សំគាល់​ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់​បំផុត​​របស់​ចិន​ជាមួយ​ឧត្តមសេនីយ៍​កំពូលរ​បស់​ប្រទេស​នេះ​ចាប់​តាំងពី​មី​យ៉ាន់​ម៉ា​ធ្លាក់​ចូល​ក្នុង​ភាពវឹកវរ​ក្រោយ​រដ្ឋប្រហារ​កាលពី​ជាង​ពីរ​ឆ្នាំ​មុន​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាននិងកំពុង​កើតមាន​អំពើ​ហិង្សា​ប្រដាប់អាវុធ​ចាប់តាំងពី​យោធា​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុង សាន ស៊ូ​ជី​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១​។​ចិន​ដែល​ជា​សម្ពន្ធមិត្ត​​ធំ​មួយ​និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដល់​របប​យោធា​ក្នុង​ប្រទេស​នេះ បាន​បដិសេធ​មិន​ព្រម​ថ្កោលទោស​ការដណ្តើម​អំណាច​របស់​ក្រុម​យោធា​ទេ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ពី​ក្រុម​ព័ត៌មាន​របស់​របប​យោធា​មី​យ៉ាន់​ម៉ា រដ្ឋមន្ត្រីការបរទេស​ចិន​លោក ឈីន ហ្កាង បាន​ប្រាប់​ប្រមុខ​យោធា មីន អ៊ុង ហ្លាំង ថា​«​ចិន​ឈរ​នៅ​ជាមួយ​មី​យ៉ាន់​ម៉ា​​នៅលើ​ឆាក​អន្តរជាតិ​»​។​

​បើ​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ក្រសួងការបរទេស​ចិន លោកឈីនបា​ននិយាយថា​«ចិន​គាំទ្រ​គំនិត​ដែល​ថា​សហគមន៍​អន្តរជាតិ​គួរ​គោរព​អធិបតេយ្យភាព​របស់​មី​យ៉ាន់​ម៉ា​និង​ដើរតួនាទី​បែប​ស្ថាប​​នា​មួយ​ដើម្បី​ជួយ​ប្រទេស​នេះ​អោយ​សំរេច​បាន​សន្តិភាព​និង​ការផ្សះផ្សារ​ជាតិ​»​។​

​អ្នក​កាន់​តែ​តំណែង​មុន​លោក គឺ​លោក​វ៉ាង យី បាន​មក​ធ្វើ​ទស្សនកិច្ច​មី​យ៉ាន់​ម៉ា​កាលពី​ខែ​កក្កដា ឆ្នាំមុន ដោយ​បាន​ជួប​សមភា​គីមី​យ៉ាន់​ម៉ា តែ​មិន​បាន​ជួប​លោក​មីន អ៊ុង ហ្លាំង ទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មី​យ៉ាន់​ម៉ា​បានបង្ហាញ​លោក​ឈីន ជួបពិភាក្សា​ជាមួយ​លោក មីន អ៊ុង ហ្លាំង​នៅក្រុង​ណៃ​ពីដោរ កាលពី​ថ្ងៃ​២​ឧសភា​

​សេចក្តីថ្លែងការណ៍​រប​ស់មី​យ៉ាន់​ម៉ា បាន​និយាយថា​អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​«​ទំនាក់ទំនង​ការទូត កិច្ចសហប្រតិបត្តិការ​មិត្តភាព សភាពការណ៍​ចុងក្រោយ​នៅ​មី​យ៉ាន់​ម៉ា ពាណិជ្ជកម្ម​តាម​ព្រំដែន ការ​វិនិ​​យោគ​និង​កិច្ចសហប្រតិបត្តិការ​លើ​ថាមពល​និង​អគ្គិសនី​»​។​

​លោក​ឈីន បាន​និយាយថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​របស់​មី​យ៉ាន់​ម៉ា ពន្លឿន​គំរោង​កិច្ចសហការ​នៅក្នុង​របៀ​ង​សេដ្ឋកិច្ច​ចិន​-​មី​យ៉ាន់​ម៉ា​(China-Myanmar Economic Corridor)​ហើយ​អនុវត្ត​គំរោ​ង​លើ​វិស័យ​កសិកម្ម អប់រំ​និង​សុខាភិបាល​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​ក៏បាន​ជួប​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា ដោយ​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា គំរោង​ហេដ្ឋារចនាសម្ពន្ធ​គាំទ្រ​ដោយ​ចិន​ជា​ច្រើន​ស្ថិត​នៅ​មី​យ៉ាន់​ម៉ា​ខាងជើង​និង​ភ្ជាប់​ខេត្ត​យូ​ណាន​របស់​ចិន​ដែល​មិន​ជាប់​សមុទ្រ​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក៏​គាំទ្រ​និង​ផ្តល់​សព្វាវុធ​ដល់​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​នៅ​តាម​ព្រំដែន​មី​យ៉ាន់​ម៉ា​ នេះ​បើ​តាម​អ្នកវិភាគ​។​ក្រុម​ឧទ្ទាម​ជនជាតិ​ខ្លះ​ប្រយុទ្ធ​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា​នៅ​​ក្រោយ​រដ្ឋប្រហារ និង​ក្រុម​ឧទ្ទាម​ស្និទ្ធ​នឹង​ចិន​មួយ​កាលពី​ខែ​មីនា​បាន​អំពាវនាវ​អោយ​ចិន​ជួយ​បន្ថយ​វិបត្តិ​។​

​ក្នុង​ដំណើរ​ទៅកាន់​ព្រំដែន​ចិន​-​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​អង្គារ លោកឈីនបា​ន​អំពាវនាវ​អោយ​មាន​កិច្ច​សហការ​និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។​

​ពួក​អ្នកការទូត​ចិន​ក៏​កំពុង​សម្របសម្រួល​រវាង​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែស​លើ​កម្មវិធី​មួយ​សំរាប់​ការបញ្ជូន​ត្រឡប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា​ក្រោយ​ការបង្ក្រាប​របស់​យោ​​ធា​នៅ​ឆ្នាំ​២០១៧​។​

​ក្នុងជំនួប​នៅ​ណៃពី​ដោ​រ លោក​ឃី​ន​បាន​បញ្ជាក់​អះអាង​ឡើងវិញ​ថា​ចិន​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុង​ការជំរុញ​ទំនាក់ទំនង​ជាមួយ​បង់​ក្លា​ដែស និង​ថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មានបំណង​ធ្វើការ​ជាមួយ​ប្រទេស​ទាំង​​ពីរ​ដើម្បី​ពង្រីក​កិ​ច្ចសហការ​ត្រីភាគី​៕