ដោយៈ .ជ័យ / បន្ទាយមានជ័យៈ គ្រូពេទ្យនិងមន្ត្រីសុខាភិបាល បានកំពុងស៊ើបអង្កេត ករណីពេទ្យនៅភូមិម្នាក់ បានព្យួរសេរ៉ូមរយ:ពេល ២ម៉ោង បង្ករឱ្យបុរសម្នាក់ មានលំនៅ នៅភូមិយីឡិក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រកាច់ រួចត្រដរខ្យល់ស្លាប់ កាលពីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣

ប្រភពពីសមត្ថកិច្ចនគរបាល និងអាជ្ញាធរភូមិ ឃុំ បានឱ្យដឹង នៅថ្ងៃទី២ ខែឧសភា ឆ្នាំម២០២៣ថាៈ បុរសជាអ្នកជំងឺរងគ្រោះមានឈ្មោះ ឡាប ប៊ុនទី អាយុ ៣៣ ឆ្នាំ មានលំនៅ នៅភូមិឃុំ ខាងលើ ឯគ្រូពេទ្យនៅភូមិ មានឈ្មោះ ហៀង

ប្រភពបានបន្តថាៈ ឪពុកអ្នកជំងឺ បានទៅអញ្ជើញគ្រូពេទ្យ ដែលសឹងតែជាពេទ្យប្រចាំ ត្រកូល នៅភូមិដូចខាងលើ មកពិនិត្យអាការ:ជំងឺ និងព្យួរសេរ៉ូម ឱ្យកូនប្រុសដែលឈឺ

លុះព្យួរសេរ៉ូមបាន ២ម៉ោង  ក៏ស្រាប់តែអ្នកជំងឺ បានប្រកាច់ ត្រដរខ្យល់ស្លាប់ ទាំងជាប់សេរ៉ូមនឹងដៃ

ឪពុកជនរងគ្រោះ បានប្រាប់ថាៈ អាការៈជំងឺធ្ងន់ធ្ងរទេ តែពេទ្យតែងដាក់សេរ៉ូម ក៏ឱ្យដាក់ទៅ

កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នេះ ឪពុកជនរងគ្រោះ ក៏បានរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច សមត្ថកិច្ចនៅស្រុកមង្គលបូរី រួមមាន កម្លាំងប៉ុស្តិ៍ កម្លាំងអធិការដ្ឋានស្រុក និងកម្លាំង ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី គ្រូពេទ្យជំនាញ បានចុះមកសាកសួរ ពិនិត្យ និងធ្វើកោសល្យវិច័យសាកសព តែពុំបានបញ្ជាក់លទ្ធផល និងការសន្និដ្ឋានភ្លាមៗថា តើការស្លាប់នោះ មកពីមូលហេតុអ្វីនោះដែរ ហើយក៏ចៀសវាង ប្រាប់ជាសាធារណ:  ពិសេសអ្នកកាសែតឡើយ

នារសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានហៅគ្រូពេទ្យ ឈ្មោះ ហៀង នៅ ទៅសាកសួរបំភ្លឺ នៅនឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបន្ទាយនាង

ក្នុងពិធីបុណ្យសព  ប្រពន្ធគ្រូពេទ្យព្យាបាលខាងលើ បានចូលរួម ក្នុងពិធីបុណ្យសព ដោយចូលបុណ្យចំនួន លានរៀល

ករណីនេះ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថាៈ ជំនាញសុខាភិបាល និងគ្រូពេទ្យ បានចុះស្រាវជ្រាវករណីនេះ ជាមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចហើយ។

មន្ត្រីសុខាភិបាល បានឱ្យដឹងបន្ថែម នាថ្ងៃទី២ ខែឧសភាថាៈ ជំនាញគ្រាន់តែអាច បញ្ជាក់ថា បុគ្គលពេទ្យនៅភូមិ ដូចខាងលើ ធ្លាប់រៀនខាងពេទ្យ នៅជំរំជនភៀសខ្លួនខ្មែរ ជាយដែនថៃ គាត់មិនមែនជាពេទ្យ ក្របខ័ណ្ឌរដ្ឋ មានវិជ្ជាជីវ:នោះទេ /V-PC