ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: មនុស្ស ៤នាក់ បានស្លាប់ និង ៨នាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្តធំដឹកប្រេង បុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉ក នៅវេលាម៉ោង ៣និង៣០ នាទី ទៀបភ្លឺថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤០ និង ៤១ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកអធិការនគបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបង្កឡើង ដោយរថយន្តធន់ធំ ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G 2103 សណ្ដោងស៊ឺមីរ៉ឺម៉ក់ ពណ៌ខៀវ ស ពាក់ផ្លាកលេខ ភ្នំពេញ 4B2068 បើកបរពីទិសខាងជើង ចេញទៅទិសខាងត្បូង អ្នកបើកបរមិនត្រូវបាន គេស្គាល់ អត្តសញ្ញាណឡើយ លុះបើកបរមកដល់ត្រង់ចំណុចខាងលើ ក៏បានរេចង្កូត ជ្រុលទៅបុកពីក្រោយ ម៉ូតូសណ្តោងរ៉ឺម៉ក់ ១គ្រឿង ម៉ាក HONDA ពណ៌ស ពាក់ផ្លាកលេខ (គ្មាន) បើកបរពីទិសខាងជើង ទៅទិសខាងត្បូង ស្របទិសគ្នា។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងកសាងសំណុំរឿង ព្រមទាំងបាន ប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារ នាំយកទៅលំនៅឋាន រៀបចំធ្វើបុណ្យតាម ប្រពៃណី ដោយឡែក អ្នករបួស ត្រូវបានសមត្ថកិច្ច ហៅរថយន្តមន្ទីពេទ្យ ដឹកយកទៅ សង្គ្រោះបន្ទាន់ផងដែរ។
កាសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ច គឺគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី តៃកុងឡាន បើកបរក្នុងល្បឿនលឿន និងងោកងុយ។
ក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ច នាំយកមកមករក្សាទុក នៅប៉ុសិ៍្ដនគរបាលរដ្ឋបាលស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់ ៕ V / N