ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រេងឆៅនៅថ្ងៃពុធទី៣ឧសភានេះបន្តធ្លាក់ថ្លៃក្រោយធ្លាក់ចុះអស់៥ភាគរយក្នុងការជួញដូរវគ្គមុននៅពេលពួកវិនិយោគិនរំពឹងទុកថាធនាគារកណ្តាលនឹងដំឡើងអត្រាកាប្រាក់នៅអាម៉េរិកនិងនៅអឺរ៉ុបដើម្បីទប់ទល់នឹងអតិផរណា។
ប្រេងម៉ាកBrentបានចុះ១២សេនមកនៅត្រឹម៧៥,២០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងWTIនៅអាម៉េរិកធ្លាក់ចុះអស់១៧សេនមកនៅត្រឹម៧១,៤៩ដុល្លារក្នុងមួយបារ៉ែល។
សូមបញ្ជាក់ថាប្រេងម៉ាកទាំងពីរធ្លាក់ថ្លៃដល់កំរិតទាបបំផុតរបស់វាគិតចាប់តាំងពីថ្ងៃ២៤មីនា។
វ៉ររេន ភែតធឺសុន (Warren Patterson)និង អ៊ីវ៉ា មែនធី(Ewa Manthey) អ្នកវិភាគមកពីក្រុមហ៊ុនINGបាននិយាយថា «អារម្មណ៍នៅក្នុងទីផ្សារប្រេងនៅតែអវិជ្ជមាន។ពួកវិនិយោគិនហាក់កាន់តែខ្វល់ខ្វាយអំពីទស្សនវិស័យម៉ាក្រូនិងការជាប់ពាក់ព័ន្ធរបស់វាទៅនឹងតំរូវការប្រេង»។
ធនាគារកណ្តាលអាម៉េរិកត្រូវរំពឹងថានឹងដំឡើងអត្រាកាប្រាក់នៅថ្ងៃពុធដើម្បីទប់ទល់នឹងអតិផរណានៅពេលធនាគារកណ្តាលអឺរ៉ុបក៏ត្រូវរំពឹងថានឹងបង្កើនអត្រាកាប្រាក់នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍។
ការដំឡើងអត្រាកាប្រាក់នឹងរារាំងសកម្មភាពអាជីវកម្ម ធ្វើអោយយឺតកំណើនសេដ្ឋកិច្ចនិងប៉ះពាល់តំរូវការប្រេង។
ថ្លៃថាមពលក៏ស្ថិតក្រោមសម្ពាធក្រោយទិន្នន័យកាលពីចុងសប្តាហ៍មកពីចិនបានបង្ហាញសកម្មភាពឧស្សាហកម្មកម្មន្តសាល(រោងចក្រ)ធ្លាក់ចុះមិនរំពឹងទុកជាមុននៅក្នុងខែមេសា។ចិនជាប្រទេសប្រើប្រាស់និងនាំចូលថាមពលច្រើនបំផុតក្នុងលោក៕