ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អង្គការសហប្រជាជាតិ​បាន​និយាយថា មនុស្ស​ជាង ១០០.០០០ នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ស៊ូដង់​ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​បាន​ផ្ទុះ​ឡើង​រវាង​កងកម្លាំង​គូប្រជែង​កាលពី​ថ្ងៃទី​១៥​ខែ​មេសា​។​

​ក្រុមមន្ត្រី​បាន​ព្រមាន​អំពី “​មហន្តរាយ​ពេញទំហឹង​” ប្រសិនបើ​ការប្រយុទ្ធ​គ្នា​មិន​ចប់​។​

​មនុស្ស ៣៣៤.០០០ នាក់​ទៀត​បាន​ផ្លាស់​ទីលំនៅ​នៅ​ក្នុងប្រទេស​ស៊ូដង់​។​

​ការប្រយុទ្ធ​គ្នា​កំពុង​បន្ត​នៅក្នុង​រដ្ឋធានី​កា​ទុំ​រវាង​កងទ័ព​និង​កងកម្លាំង​គាំទ្រ​រហ័ស​(RSF) បើទោះបីជា​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​ក៏ដោយ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​កំពុង​ត្រូវបាន​បង្កើន ដើម្បី​ព្យាយាម​ធ្វើឱ្យ​ភាគី​ជម្លោះ​ចូលមក​តុ​ចរចា​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​២​ឧសភា ក្រសួងការបរទេស​ស៊ូដង់​ខាងត្បូង​បាន​និយាយថា កងទ័ព​និង​កងជីវពល RSF បាន​យល់ព្រម “​ជាគោលការណ៍​” ចំពោះ​បទ​ឈប់​បាញ់​ថ្មី​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៤ ខែ​ឧសភា ហើយ​បាន​សន្យា​បញ្ជូន​អ្នកតំណាង​ទៅកាន់​កិច្ចចរចា​។​

​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​បេសកជន​ពិសេស​របស់​អ​.​ស​.​ប​ប្រចាំ​ប្រទេស​ស៊ូដង់ លោក វ៉ុល​កឺ ភឺ​ថេ​ស (Volker Perthes) បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​AP ថា ភាគី​ទាំងពីរ​បាន​យល់ព្រម​ចរចា​បទ​ឈប់​បាញ់ “​ប្រកបដោយ​ស្ថិរភាព​និង​អាច​ជឿ​ទុកចិត្តបាន​”​។​

​លោក​បាន​បន្ថែមថា អា​រ៉ាប៊ីសាអូឌីតជា​កន្លែង​ដ៏​មាន​សក្តានុពល​សម្រាប់​កិច្ច​ចរចា​។​

​ប្រសិនបើ​ការចរចា​កើតឡើង វា​នឹង​ក្លាយ​ជា​ជំនួប​លើកដំបូង​រវាង​ភាគី​ទាំង​ពីរ​ចាប់តាំងពី​ជម្លោះ​បាន​ចាប់ផ្តើម​។​

​មនុស្ស​ជាង ៥០០ នាក់​ត្រូវបាន​សម្លាប់ និង​ជាង ៤.០០០ នាក់​បាន​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​របស់​ស៊ូដង់​៕

​ការប្រយុទ្ធ​គ្នា​ចុងក្រោយ​នេះ​បាន​ធ្វើឱ្យ​វិបត្តិ​មនុស្សធម៌​នៅ​ស៊ូដង់​កាន់តែ​អាក្រក់