ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ តារាសម្ដែងហុងកុង នាង កាថារីន ហ៊ុង (Catherine Hung) បានប្រកាសលែងលះជាមួយតារាសម្តែងចិន អេនឌី ចាង តាន់ហ្វឹង (Andy Zhang Danfeng) បន្ទាប់ពីរៀបការបាន ១៤ ឆ្នាំ។
នាងហ៊ុងអាយុ ៥២ ឆ្នាំបានធ្វើសេចក្តីប្រកាសមិននឹកស្មានដល់នេះនៅលើបណ្តាញសង្គមចិន Weibo នៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃចន្ទទី១ឧសភា។
ដោយចាប់ឈ្មោះលោកចាងដាក់ក្នុងសារបង្ហោះដែរនោះ នាងបានសរសេរថា “ចាង តាន់ហ្វឹងនិងខ្ញុំលែងជាប្តីប្រពន្ធទៀតហើយ”។
លោកចាង អាយុ ៤២ ឆ្នាំបានសរសេរបង្ហោះនៅលើ Weibo នៅម៉ោងប្រហែល ៤៖៣០ ព្រឹក ដោយចាប់ឈ្មោះនាងហ៊ុងភ្ជាប់មកជាមួយថា “ពិតណាស់ លែងជាប្តីប្រពន្ធទៀតហើយ”។
សារបង្ហោះរបស់ពួកគេបានល្បីរាលដាលពេញ Weibo ដោយមានមតិជាង ២៥.០០០ នៅលើសារបង្ហោះរបស់នាងហ៊ុង និងជាង ២៩.០០០ នៅលើសាររបស់លោកចាងគិតត្រឹមរសៀលថ្ងៃចន្ទ។
គូស្នេហ៍នេះបានរៀបការក្នុងឆ្នាំ២០០៩ ហើយមានកូនស្រីអាយុ៩ឆ្នាំម្នាក់។ តារាស្រីរូបនេះក៏មានកូនប្រុសអាយុ២២ឆ្នាំម្នាក់ពីទំនាក់ទំនងមុនជាមួយតារាចម្រៀងហុងកុង ម៉ាក់ ម៉ុក (Max Mok) ផងដែរ ដែលបច្ចុប្បន្នមានអាយុ៦០ឆ្នាំ។
នាងហ៊ុងនិងលោកចាងត្រូវបានញាំញីដោយរឿងអាស្រូវជាច្រើន ដែលថា អាពាហ៍ពិពាហ៍របស់ពួកគេរកកល់នឹងដួលរលំ ចាប់តាំងពីលោកចាងត្រូវបានចោទថាលួចមានអីៗជាមួយអ្នកចាត់ការទូទៅរបស់គាត់ គឺនាង ប៉ី យីង (Bi Ying) ក្នុងឆ្នាំ ២០១៨។
លោកបានបដិសេធការចោទប្រកាន់នេះតាមរយៈទីភ្នាក់ងាររបស់គាត់ ដោយនាងហុងបានគាំទ្រគាត់នៅគ្រានោះ។
រឿងអាស្រូវបានផ្ទុះឡើងម្តងទៀតក្នុងខែមេសា ឆ្នាំ២០១៩ ក្រោយលោកចាងនិងនាងប៉ីត្រូវបានប្រព័ន្ធផ្សព្វផ្សាយប្រទះឃើញនៅជាមួយគ្នាក្នុងសណ្ឋាគារមួយទាំងកណ្តាលយប់។ នាងហ៊ុងបានលុបចោលរូបថតរបស់នាងជាមួយលោកចាងអស់គ្មានសល់។ ប៉ុន្តែគាត់បានបដិសេធការចោទប្រកាន់នេះក្នុងខែឧសភា ឆ្នាំ២០១៩ ហើយថានាងប៉ីបានលាលែងពីតំណែង។
លោកចាងនិងនាងហ៊ុងបានបង្ហាញមុខជាមួយគ្នានៅថ្ងៃទី១ខែមករា ឆ្នាំ២០២៣ នៅពេលពួកគេចូលរួមមហាស្រពភាពយន្តអន្តរជាតិផ្លូវសូត្រក្នុងទីក្រុងស៊ីអាន៕
នាងហ៊ុងនិងលោកចាងប្រកាសលែងលះកាលពីថ្ងៃចន្ទយ៉ាងភ្ញាក់ផ្អើល