ដោយៈសុផល/ខេត្តព្រះសីហនុ៖ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងអាជីវកម្មលក់ម្ហូបអាហារតាមដងផ្លូវ (Street Food Vendor) ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ SEA Games 2023 និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្ត អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍និងអ្នកលក់ដូរ តាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសកម្មវិធីបណ្ដុះបណ្ដាលនោះលោក គឹម សេរីរដ្ឋ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរតាមដងផ្លូវ រៀបចំសោភ័ណភាពអាជីវកម្មរបស់ខ្លួន ដោយឆ្លុះបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ,ចូលរួមរក្សានូវសណ្តាប់ធ្នាប់យកចិត្តទុកដាក់ខ្ពស់លើអនាម័យម្ហូបអាហារដែលដាក់លក់ដូរជា ប្រចាំ ក៏ដូចជាសម្រាប់ព្រឹត្តិការណ៍ SEA Games 2023 នេះនិងត្រូវដាក់តាំងបញ្ជីរាយនាមសេវាកម្មជា ០៣ភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាទីបីណាមួយ និងស្របតាមខ្លឹមសារប្រកាស លេខ ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍។
លោក គឹម សេរីរដ្ឋ ក៏បានស្នើដល់ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍មិនត្រូវតម្លើងថ្លៃសេវាកម្មរបស់ខ្លួនឬដោយពុំមានហេតុផលច្បាស់លាស់និងចូលរួមអនុវត្ត តាមសារាចរណែនាំលេខ ០០៥ ស្ដីពីការពង្រឹងគុណសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ចល្អដើម្បីអបអរការរៀបចំព្រឹត្តិការណ៍កីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ការបណ្ដុះបណ្ដាលនេះក៏មានការចែកជូនអាវក្រណាត់សម្រាប់ពាក់ការពារនិងរក្សាអនាម័យពេលចម្អិនម្ហូបដល់អ្នកលក់ដូរតាមដងផ្លូវដែលបានចូលរួម វគ្គបណ្តុះបណ្តាល និងជូនទៅមន្ទីរទេសចរណ៍ខេត្តសម្រាប់ចែកជូនបន្ដ ចំនួន ២៥០ អាវ៕/PC