ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បុរសជនជាតិប្រេស៊ីលម្នាក់បានបាញ់ប្រហារទៅលើកូនស្រីនិងកូនប្រសារបស់គាត់ ហើយថែមទាំងបានបាញ់របួសមនុស្សពីរនាក់ទៀតផងដែរមុនពេលគាត់ត្រូវបានបាញ់សម្លាប់។
ប៉ូលិសក្នុងទីក្រុងហ្គាល់វ៉ាវ (Galvão) ភាគខាងត្បូងបាននិយាយថា លោក អង់តូនីញ៉ូ ប៉េរេរ៉ា (Antônio Pereira) អាយុ ៤៥ឆ្នាំបានលួចចូលទៅក្នុងផ្ទះរបស់ឪពុកម្តាយរបស់កូនប្រសាគាត់កាលពីថ្ងៃចន្ទទី១ឧសភាដើម្បីតាមប្រមាញ់កូនស្រីរបស់គាត់ឈ្មោះ ប៉ូលីយ៉ាណា ដេ អូលីវីរ៉ា (Poliana de Oliveira) អាយុ ២៤ឆ្នាំហើយព្យាយាមសងសឹកបន្ទាប់ពីគាត់ត្រូវបានកាត់ទោសពីបទរំលោភនាង។
មេប៉ូលិសស៊ីវិលលោក រ៉ូបឺតូ ហ្វ្រុនហ្សា (Roberto Fronza) បាននិយាយថា ខ្មាន់កាំភ្លើងត្រូវបានអនុញ្ញាតឱ្យមានសេរីភាព ខណៈគាត់កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសនេះ។
លោកប៉េរេរ៉ាបានលួចចូលទៅក្នុងផ្ទះនោះតាមបង្អួចនៅម៉ោង ៥៖៣០ នាទីព្រឹកហើយបានបើកការបាញ់ប្រហារទៅលើកូនស្រីរបស់គាត់និងប្តីរបស់នាងឈ្មោះ អេវើតុន ដេ អូលីវីរ៉ា (Ewerton de Oliveira) អាយុ ៣០ ឆ្នាំ។
គាត់ក៏បានបាញ់របួសបងប្រុសនិងឪពុករបស់អេវើតុន ដេ អូលីវីរ៉ា ផងដែរ។
ទោះយ៉ាងណា ម្នាក់ក្នុងចំណោមពួកគេបានបាញ់តបវិញលើលោកប៉េរេរ៉ា ខណៈពួកគេការពារម្តាយរបស់អេវើតុន ដេ អូលីវីរ៉ាពីគ្រោះថ្នាក់។
លោកហ្វ្រុនហ្សាបាននិយាយថា “យើងមិនទាន់អាចបញ្ជាក់បានថាអ្នកណាជាអ្នកបាញ់ប្រហារទៅលើជនល្មើសទេ ដោយសារយើងមិនអាចស្តាប់ចម្លើយពីអ្នកនៅរស់”។
អ្នករបួសទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែអាជ្ញាធរមិនបានផ្តល់ព័ត៌មានអំពីស្ថានភាពរបស់ពួកគេទេ។
លោកប៉េរេរ៉ាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ ប៉ុន្តែបានស្លាប់នៅទីនោះ។
យោងតាមអាវុធហត្ថ លោកប៉េរេរ៉ាមានប្រវត្តិបទល្មើសជាហូរហែ រួមមានការចាប់ខ្លួនពីបទវាយតប់ លួច និងជេរប្រមាថអ្នកដទៃ៕
លោកប៉េរេរ៉ាសម្លាប់កូនស្រីនិងកូនប្រសាក្រោយរងការចោទពីបទរំលោភកូនស្រីខ្លួនឯង