ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានចោទថាបើកការបាញ់ប្រហារនៅក្នុងបន្ទប់រង់ចាំនៃមន្ទីរពេទ្យមួយក្នុងទីក្រុងអាត្លង់តា (Atlanta) ដោយសម្លាប់ស្ត្រីម្នាក់និងបង្ករបួសមនុស្សបួននាក់ទៀតកាលពីថ្ងៃពុធទី៣ឧសភា។
អាជ្ញាធរបានឡោមព័ទ្ធសង្កាត់កណ្តាលក្រុងដែលមានភាពអ៊ូអរនៅព្រឹកថ្ងៃពុធដើម្បីស្វែងរកជនសង្ស័យដែលបានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារ។ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើង ដែលគេស្គាល់ថា ដេអន ផាត់ធឺសុន (Deion Patterson) អាយុ ២៤ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃពុធ។ អាជ្ញាធរមិនបានបញ្ចេញព័ត៌មានបន្ថែមភ្លាមៗអំពីកន្លែង ដែលផាត់ធឺសុនត្រូវបានរកឃើញទេ។
អាជ្ញាធរបាននិយាយថា ផាត់ធឺសុនបានលួចរថយន្តមួយគ្រឿង ហើយបើកចេញទៅ បន្ទាប់ពីបាញ់ស្ត្រីប្រាំនាក់នៅជាន់ទី ១១ នៃអគារពេទ្យក្នុងសង្កាត់ន័រសាយ (Northside)ភ្លាមៗបន្ទាប់ពីកណ្តាលថ្ងៃត្រង់។ មន្ទីរពេទ្យនេះគឺស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មដែលពោរពេញទៅដោយអគារប៉មការិយាល័យនិងអគារលំនៅឋានខ្ពស់ៗហើយព័ត៌មាននៃការបាញ់ប្រហារនេះបានជំរុញឱ្យកម្មករនិយោជិតនិងអ្នកចេញក្រៅទទួលទានអាហារថ្ងៃត្រង់ជ្រកកោននៅកន្លែងសុវត្ថិភាពជាច្រើនម៉ោង។
លោក ដារីន សៀបូម (Darin Schierbaum) មេប៉ូលិសក្រុងអាត្លង់តា បាននិយាយថា ស្ត្រីអាយុ ៣៩ ឆ្នាំម្នាក់ត្រូវបានប្រកាសស្លាប់នៅកន្លែងកើតហេតុនៃការបាញ់ប្រហារ។ ជនរងគ្រោះបួននាក់ទៀតក៏ជាស្ត្រីផងដែរ ដែលមានអាយុ២៥ឆ្នាំ ៣៩ឆ្នាំ ៥៦ឆ្នាំ និង ៧១ឆ្នាំ។
ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារ អភិបាលក្រុងអាត្លង់តា លោក អង់ដ្រេ ឌីកឃិន (Andre Dickens) បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះ ដែលនៅរស់ “កំពុងតស៊ូដើម្បីអាយុជីវិតរបស់ពួកគេនៅឯមន្ទីរពេទ្យហ្គ្រាឌី (Grady)”។
ម្តាយរបស់ផាត់ធឺសុន ឈ្មោះ មីនយ៉ូណេ ផាត់ធឺសុន (Minyone Patterson) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press តាមទូរស័ព្ទថា កូនប្រុសរបស់គាត់ ដែលជាអតីតឆ្មាំសមុទ្រ មាន “បញ្ហាផ្លូវចិត្ត” ពីថ្នាំដែលរូបគេទទួលបានពីប្រព័ន្ធសុខភាពអតីតយុទ្ធជន (VA) ដែលបានចាប់ផ្តើមលេបកាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោកស្រីបាននិយាយថា លោកស្រីមិនដឹងថាកូនរបស់លោកស្រីនៅទីណាទេ។
លោកស្រីបាននិយាយថា កូនប្រុសរបស់លោកស្រីចង់លេបថ្នាំ Ativan ដើម្បីដោះស្រាយជាមួយនឹងការថប់បារម្ភនិងការបាក់ទឹកចិត្ត ប៉ុន្តែ VA មិនព្រមផ្តល់ឱ្យរូបគេទេព្រោះពួកគេនិយាយថាវាធ្វើឱ្យ “ញៀនខ្លាំងពេក”។ លោកស្រីគឺជាគិលានុបដ្ឋាយិកាម្នាក់ ហើយបាននិយាយថា លោកស្រីបានប្រាប់ពួកគេថា រូបគេនឹងលេបថ្នាំក្នុងចំនួនដូសត្រឹមត្រូវ “ព្រោះរូបគេស្តាប់បង្គាប់ខ្ញុំតាមគ្រប់មធ្យោបាយ”៕
ផាត់ធឺសុនត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធក្រោយបាញ់មនុស្សស្លាប់ម្នាក់និងរបួស៤នាក់