ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ថ្ងៃទី៤ ឧសភា នេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាការប្រកួតក្នុងពូល A តែក្រុមកម្ពុជា ដែលស្ថិតនៅពូល A ដែរនោះ នៅអង្គុយមើល ៤ ក្រុមទៀត ប្រកួតគ្នា។
ថ្ងៃនេះ ពូល A មានការប្រកួតចំនួន២ គឺឥណ្ឌូណេស៊ី ប្រកួតជាមួយនឹងមីយ៉ាន់ម៉ា និង ទីម័រខាងកើត ទល់នឹងហ្វីលីពីន ដែលនឹងលេងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឥណ្ឌូណេស៊ី ពេលនេះ មាន៣ពិន្ទុ ក្នុងដៃ និងទើបតែលេងបាន ១ ប្រកួតប៉ុណ្ណោះ ដោយឈ្នះ ហ្វីលីពីន ៣ទល់០ ចំពោះមីយ៉ានម៉ា ក៏មាន ៣ពិន្ទុក្នុងដៃដែរ ដោយលេងមួយប្រកួត ឈ្នះទីម័រខាងកើត ១ទល់០។
ក្រុមហ្វីលីពីនវិញ លេងបាន ២ ប្រកួត មាន ១ពិន្ទុ ក្នុងដៃ ដោយចាញ់មួយប្រកួត និងស្មើមួយប្រកួត ក្នុងខណៈដែលទីម័រខាងកើត មាន ០ពិន្ទុ ដោយសារលេង ២ប្រកួត ចាញ់ទាំង ២ប្រកួត។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឲ្យប្រជាពលរដ្ឋ ដែលជា អ្នកស្នេហាកីឡាបាល់ទាត់ ទៅទទួលយកសំបុត្រឥតគិតថ្លៃ នៃការប្រកួតក្នុងថ្ងៃនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក (ខាងស្ដាំនៃច្រកខ្លោងទ្វារធំ) ចាប់ពីវេលាម៉ោង ៩:០០ ព្រឹកនេះតទៅ។
សម្រាប់ម្នាក់ ទទួលបានសំបុត្រមួយសន្លឹក ហើយសំបុត្រមួយសន្លឹកនេះ អាចចូលទៅទស្សនាបាន ២ ប្រកួត៕ V / N