ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍,បាងកកប៉ុស្តិ៍)៖ ប៉ូលីសស័ក្តិបួនម្នាក់ដែលត្រូវជាប្តីរបស់ស្ត្រីជាឃាតករស៊េរី”អែម ស្យានីដ”ត្រូវបានបណ្តេញចេញពីជួរប៉ូលីសចាប់ខ្លួននិងត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជាច្រើន។
វរសេនីយ៍ទោ វីធូន រ៉ាងស៊ីវុត្ថាផន(Withoon Rangsiwuthaporn)អធិការរងនៅស្ថានីយប៉ូលីសមួយក្នុងខេត្តរ៉ាតចាប៊ូរី (Ratchaburi)ត្រូវបានចោទប្រកាន់ថាបានទទួលផលចោរកម្ម រួមគំនិតបន្លំនិងប្រើឯកសារក្លែងក្លាយ។
មេប៉ូលីសជាតិថៃ ឧត្តមសេនីយ៍ដាំរ៉ុងសាក់ គិតទីប្រាផាស(Damrongsak Kittiprapas)ក៏បានបណ្តេញ វរសេនីយ៍ទោ វីតធូន ចេញពីកងកម្លាំងប៉ូលីស។
មេប៉ូលីសជាតិថៃ ឧត្តមសេនីយ៍ដាំរ៉ុងសាក់ គិតទីប្រាផាស (រូបស្តាំលើ)ធ្វើសន្នសីទកាសែតបញ្ជាក់ពីការបណ្តេញវរសេនីយ៍ទោ វីធូន រ៉ាងស៊ីវុត្ថាផន(រូបក្រោម)
ឥឡូវស្ត្រីដៃឆើតថៃត្រូវបានចោទប្រកាន់១៤ករណីពីបទឃាតកម្មដោយការដាក់ថ្នាំបំពុលបន្តបន្ទាប់អស់ពេលជាច្រើនឆ្នាំនៅក្នុងអ្វីដែលអាចចាត់ទុកថាជាឃាតកម្មស៊េរីអាក្រក់បំផុតមួយនៅក្នុងព្រះរាជាណាចក្រថៃ។
សារ៉ារ៉ាត រ៉ាងស៊ីវុត្ថាផន(Sararat Rangsiwuthaporn)ឬ”អែម ស្យានីដ”រងការចោទប្រកាន់ថាទទួលបានប្រាក់រាប់ពាន់ដុល្លារពីការសម្លាប់ជនរងគ្រោះមិនតិចជាងដប់នាក់តាមការដាក់ថ្នាំបំពុលស្យានីដ ក្នុងអាហារឬភេសជ្ជៈ។នាងត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនចំពោះការស្លាប់គួរអោយសង្ស័យចំនួនប្រាំបួនករណីដែលបានកើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់គ្នាតែប៉ូលីសបានពង្រីកការស៊ើបអង្កេតនិងរកឃើញថាស្ត្រីនេះពាក់ព័ន្ធការស្លាប់មនុស្សជាងដប់ករណី។
ប្តីរបស់នាងជានាយប៉ូលីសក៏ប្រឈមការចោទប្រកាន់ពីបទឆបោក និងរួមគំនិតពាក់ព័ន្ធនឹងឃាតកម្មទាំងនេះ។
រង មេប៉ូលីសជាតិថៃឧត្តមសេនីយ៍ ស៊ូរ៉ាឆាត ហាក់ផាន(Surachate Hakparn )បាននិយាយកាលពីថ្ងៃពុធថា ប្តីរបស់នាងត្រូវបានបណ្តេញពីកម្លាំងប៉ូលីសនិងត្រូវចាប់ខ្លួន។នាងសារ៉ារ៉ាតបានទាក់ទាញបានមនុស្ស១៥នាក់ដើម្បីបំពុលពួកគេដោយប្រើថ្នាំ តែម្នាក់នៅមានជីវិតក្រោយត្រូវថ្នាំពុលតែមិនស្លាប់។
លោកបានអោយដឹងទៀតថា «ជនល្មើសបានខ្ចីលុយពីមនុស្សដែលនាងស្គាល់ ដោយសារនាងជំពាក់បំណុលច្រើន ហើយនៅពេលមាននរណាទាមទារលុយត្រឡប់មកវិញនាងចាប់ផ្តើមរៀបចំគំរោងសម្លាប់ពួកគេ។យើងកំពុងស៊ើបអង្កេតចំនួនលុយដែលនាងបានយកពីជនរងគ្រោះ»។
ទាំងនាង សារ៉ារ៉ាត និងប្តី បានបដិសេធការចោទប្រកាន់លើពួកគេ។
សារ៉ារ៉ាត ដែលកំពុងមានផ្ទៃពោះបួនខែ ប្រឈមការចោទប្រកាន១៤ករណីពីបទឃាតកម្មនិងមួយករណីពីបទប៉ុនប៉ងធ្វើឃាត តែប៉ូលីសកំពុង ស៊ើបអង្កេតការស្លាប់មនុស្សបីករណីទៀត៕
សារ៉ារ៉ាត រ៉ាងស៊ីវុត្ថាផន ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីជនរងគ្រោះចុងក្រោយត្រូវថ្នាំពុលតែមិនស្លាប់