រដ្ឋ​ម​ន្ត្រីៈ​ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាងគំហុក​ទៅតាម​ស្ទឹង​ព្រែក​ត្នោត​និង​កំពុង​គំរាមកំហែង​រាជធានី​ភ្នំពេញ​-​ខេត្តកណ្តាល​

1132
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បានបញ្ជាក់ ថាបើ​ទោះបីជា​ទឹកជំនន់​នៅក្នុង​ខេត្តកំពង់ស្ពឺ​បាន​ធូរស្រាល​បន្តិច​ប៉ុន្តែ​ពេលនេះ​ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាងគំហុក​ទៅ កាន់​ផ្នែក​ខាងក្រោម​តាម​ស្ទឹង​ព្រែក​ត្នោត និង​កំពុង​គំរាមកំហែង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​ការបញ្ជាក់​នេះ​នៅពេលដែល​លោក​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ទប់ទល់​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​លឹម គានហោ ដឹកនាំ​កម្លាំង​អន្តរាគមន៍​ទប់ទល់​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត (​រូប​ថ​តៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​)

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា បើទោះបីជា​ទឹកជំនន់​នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​ធូរស្រាល​បន្តិច ប៉ុន្តែ​ពេលនេះ ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាងគំហុក​ទៅកាន់​ផ្នែក​ខាងក្រោម តាម​ស្ទឹង​ព្រែក​ត្នោត និង​កំពុង​គម្រាមកំហែង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

ចំពោះមុខ​បញ្ហា​នេះ​លោក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ទប់ទល់​ជាមួយនឹង​ទឹកជំនន់​នៅតាម​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ដើម្បី​ការពារ​កុំ​ឱ្យមាន​ការហូរ​ច្រោះ​លិច​ចូល​តំបន់​ទំនាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។​

​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានរៀបចំ​ឱ្យមាន​ក្រុម​ប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង សម្រាប់​ប្រចាំការ និង​តាមដាន ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។ ដោយ​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា កំសួល​ទឹក​នេះ ត្រូវការ​រយៈពេល​ប្រមាណ ១០-១២ ម៉ោង​ទៀត​ទើបបាន​ធូរស្រាល ទៅវិញ ។​

​ជាមួយគ្នានេះ​មន្ត្រី​បច្ចេកទេស​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​អន្តរាគមន៍​ទប់​ទល់នឹង​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ចំណុច​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ដើម្បី​ការពារ​កុំឱ្យ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ហូរ​ចូល​រាជធានី​ភ្នំពេញ ។​
​ក្រសួង​ធន​ធន​ទឹកបាន​ឲ្យ​ដឹង​ទៀតថា នៅ​ម៉ោង ៣:៣០ រសៀល ថ្ងៃទី ២០ ខែកក្កដា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ទំលាក់​ទ្វារ​ទឹក​រលាំង​ជ្រៃ ចំនួន​ពីរ ទ្វារ ចុះ​បន្ថែម ចំនួន មួយ​ម៉ែត្រ ទៀត ។ ដូចនេះ ទ្វារ​ទឹក​រលាំង​ជ្រៃ ចំនួន ពីរ​ទ្វារ ត្រូវបាន​ទម្លាក់​ចុះ​បាន ចំនួន​បី​ម៉ែត្រ បន្ទាប់ពី​ស្ថានភាព​ទឹកជំនន់​នៅ​ផ្នែក​ខាងលើ មាន​សភាព​កាន់តែ​ធូរស្រាល​។​

​សូមជម្រាបថា ទ្វារ​ទឹក​រលាំង​ជ្រៃ មាន​សរុប​ចំនួន​ប្រាំ​ទ្វារ ដោយ​ទ្វារ​នីមួយៗ​មាន​ទទឹង ១២ ម៉ែត្រ និង​កម្ពស់ ៧ ម៉ែត្រ​៕

​លោក​លឹម គានហោ ដឹកនាំ​កម្លាំង​អន្តរាគមន៍​ទប់ទល់​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត (​រូប​ថ​តៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​)

ទីតាំងផ្សាយពាណិជ្ជកម្ម