​កម្ពុជា​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ជាតិ​ជា​លើកដំបូង​

.​រដ្ឋមន្ត្រី​លើកឡើង​ពី​សារសំខាន់​នៃ​ទេសចរ​ក្នុងស្រុក​

1860
ចែករម្លែក

ដោយៈ​មូល សម្បត្តិ ,​បញ្ញា​សាស្ត្រ​ / ភ្នំពេញៈ ​ដូច​អ្វីដែល​បានគ្រោង​ទុក​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួងទេសចរណ៍​និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(​កាតា​,CATA) បានរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​ជាតិ​ជា​លើកដំបូង​ដ៏​ធំ​មួយ នៅ​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។ អ្នករៀបចំ​កម្មវិធី​បាន​អះអាង​ថា សកម្មភាព​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដែល​កំពុងមាន​ការកើនឡើង​រៀងរាល់ឆ្នាំ​។​

​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​នេះ​ប្រព្រឹត្តិ​ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មាន​ស្តង់​បង្ហាញ​ផលិតផល​ទេសចរណ៍​ប្រមាណ ១៥០​ស្តង់​។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថ្លែង​ពេល​បើក​ពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក​ជា​លើកដំបូង​ព្រឹក​ថ្ងៃទី​២០​កក្កដា​២០១៨

​ក្នុងឱកាស​នោះ​លោក ថោង ខុន បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ថា ផ្តើមចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ទេសចរណ៍​កម្ពុជា​ដែលជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា «​មាស​បៃតង​» បាននិងកំពុង​បោះជំហាន​រីកចម្រើន​ជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ជា​រៀងរាល់ឆ្នាំ​រួមចំណែក​ប្រមាណ ១២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​ជាក់ស្តែង នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៥,៦​លាន​នាក់ ក្នុង​កំណើន ១១.៨​ភាគរយ បានរួម​ចំណែក​ប្រមាណ ១៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ជី​ឌី​ភី​,GDP) និង​តំណាងឱ្យ​ប្រមាណ ៣០​ភាគរយ នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា​។ ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨​នេះ យើង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ២,៦​លាន​នាក់ ក្នុង​កំណើន ១៣.៥​ភាគរយ​។ តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៦,២​លាន​នាក់ នៅ​ឆ្នាំ​២០១៨ និង​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ៥.០០០​លាន​ដុល្លា​អាមេរិក បង្កើត​ឱកាស​ការងារ​ប្រមាណ​មួយ​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ ទេសចរ​អន្តរជាតិ​នឹង​កើន​ដល់ ១៥​លាន​នាក់ នឹង​នាំ​ចំណូល​ប្រមាណ ១០​ពាន់​លាន​ដុល្លា​បង្កើត​ឱកាស​ការងារ​ប្រមាណ​ពីរលាន​នាក់​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា សម្រាប់​ទេសចរ​ក្នុងស្រុក កំណើន​ភ្ញៀវទេសចរ​មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ (៦​ភាគរយ​ជា​មធ្យម​)​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៥ ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ជាង ៩,៦​លាន​នាក់ កើន​ដល់​ជាង ១០​លាន​នាក់ នៅ​ឆ្នាំ​២០១៦ និង​ជិត ១១​លាន​នាក់ នៅ​ឆ្នាំ​២០១៧ ។​ជា​ចក្ខុវិស័យ​ក្រសួងទេសចរណ៍​រំពឹងថា​នឹងមាន​ទេសចរ​ប្រមាណ ១៩​លាន​នាក់ នៅ​ឆ្នាំ​២០២៥​។​
​ទាញអារម្មណ៍​អ្នកចូលរួម​ក៏ដូចជា​អ្នករក​ស៊ីក្នុង​វិស័យនេះ​លោក​រដ្ឋមន្ត្រី​លើកឡើង​ពី​សារសំខាន់​នៃ​ទេសចរ​ក្នុងស្រុក​រួមចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ និង​សង្គម ។ លោក​បញ្ជាក់ថា ១.​ទេសចរ​ក្នុងស្រុក​ខុសពី​ទេសចរ​អន្តរជាតិ​។​ទេសចរ​ក្នុងស្រុក​មិនសូវ​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​សាកល មិន​ថា​ជា​វិបត្តិ​សេដ្ឋកិច្ច នយោបាយ ជំងឺឆ្លង ឬ​បញ្ហា​គ្រោះធម្មជាតិ​។ ២. រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ក្នុង​តំបន់​តាមរយៈ​ការបែងចែក​ចំណូល និង​ផលចំណេញ​តាម​មធ្យោបាយ​ផ្សេងៗ ដោយ​ការបន្ថែម​គុណ​តម្លៃ​នៅ​តំបន់​ទាំងនោះ​។ ៣. ទេសចរណ៍​​ក្នុងស្រុក​ជា​មធ្យោបាយ​ដ៏​ល្អឥតខ្ចោះ​មួយ ដែល​ជួយ​សម្រួល​ភាព​តានតឹង​សង្គម ដោយ​អនុញ្ញាត​ឱ្យ​ប្រជាជន​ដែលមាន​ចំណូល​ទាប ដែល​មិនមាន​លទ្ធភាព​អាចធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស អាចមាន​ឱកាស​ធ្វើដំណើរ​លំហែកាយ និង​សម្រាក​តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ស្រុក​។ ៤. ចលនា​ទេសចរ​ក្នុងស្រុក​ជា​ឧបករណ៍​ធ្វើឱ្យ​តំបន់​ទេសចរណ៍​ថ្មីៗ ឬ​មិនសូវមាន​ភាពល្បីល្បាញ​ទទួលបាន​ការចាប់អារម្មណ៍ និង​ដំណើរការ​ទៅមុខ​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​។ ៥. ផ្អែក​តាម​ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច ទេសចរ​ក្នុងស្រុក​អាចធ្វើ​រំលស់​ចំណាយ​ជាតិ​លើ​វិស័យ​ទេសចរណ៍​អន្តរជាតិ​បាន​។ តួយ៉ាង​ដូចជា​ការវិនិយោគ​លើ​សម្បទា​រូបវ័ន្ត មានការ​ដឹកជញ្ជូន ស្នាក់នៅ អាហារ​ជាដើម ក៏ដូចជា​ការវិនិយោគ​ផ្នែក​អរូបី​ដូចជា​ការបណ្តុះ​បណ្តាល និង​ពង្រឹងគុណភាព​សេវាកម្ម​។ ៦. ទេសចរណ៍​ក្នុងស្រុក​ជា​ចលករ​យ៉ាងសំខាន់ សំដៅ​ការ​ការអប់រំ​ប្រជាពលរដ្ឋ​ឱ្យដឹងពី​សក្តានុពល ចេះ​ស្រលាញ់​ទឹកដី នឹង​ជឿជាក់​លើ​រដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមថា ដើម្បី​ចូលរួម​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍ ២០១២-២០២០ ឱ្យបាន​ជោគជ័យ និង​ឆ្លើយតប​តាម​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍ ដែល​នឹង​ជំរុញឱ្យមាន​ទេសចរ​ក្នុងស្រុក​ប្រមាណ ១៩​លាន​នាក់ ក្នុង​ឆ្នាំ​២០២៥ ក្រសួងទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​អនុវត្ត​ការងារ​មួយចំនួន​ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ចិ​រ​ភាព រួមមាន​ការដាក់ចេញ​ការអនុវត្ត​យន្តការ​ពង្រឹង​ប្រព័ន្ធ​វាយតម្លៃ ចំណាត់ថ្នាក់​សេវា​ស្នាក់នៅ ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ចលនា​ប្រឡងប្រណាំង​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អជា​ដើម​។​
​គួរ​បញ្ជាក់ថា​ពិព័រណ៍​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ចាប់​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២២​ខែកក្កដា​៕ ល​/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ