ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការ នៃសហព័ន្ធកីឡាទោចក្រយាន កម្ពុជា លោក នូ ចំរើន បានប្រាប់ឲ្យដឹងថា សហព័ន្ធពិតសប្បាយរីករាយ ដែលបានចូលរួម ពិធីរត់ភ្លើងគប់ ក្នុងនាមម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12nd ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ។

សហព័ន្ធទោចក្រយាន ក៏បានជិះកង់ អបអរសាទរដែរ ដោយក្រុមរបស់សហព័ន្ធ បានចាប់ផ្តើមជិះពីភ្នំពេញ តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប មក ក្រុមទាំងមូល បានមកដល់ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ដឹកនាំ និងសម្របសម្រួល ដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានទទួលព្រះអគ្គិជ័យកីឡា ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងបានធ្វើពិធីដង្ហែ មកកាន់ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបានបន្ថែមទៀតថាៈ ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ មានសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករដោយឈរអម សងខាងផ្លូវ ព្រមទាំងអបអរសាទរ យ៉ាងអធិកអធម ក្នុងការទទួលព្រះអគ្គិជ័យកីឡានេះ។

លោកអគ្គលេខាធិការ បានប្រាប់ទៀតថាៈ ក្រុមកង់របស់សហព័ន្ធ នឹងបន្តជិះទៅ ភ្នំពេញ ដើម្បីអបអរសាទរ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12nd ASEAN Para Games) កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ។

ជាមួយគ្នានេះ សម្រាប់សហព័ន្ធទោចក្រយាន បានលើកនូវពាក្យស្លោកថា «ជិះកង់ដើម្បីទាំងអស់គ្នា ក្រោមប្រធានបទ ប្រជាជនម្នាក់ កង់មួយគ្រឿងឆ្ពោះទៅកីឡា SEA Games ២០២៣»/V-PC