ដោយៈ ភ្នំសន្ទុក/កំពង់ធំៈ នៅវេលាម៉ោង ១០ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដោយទទួលបន្តពីខេត្តសៀមរាប នៅចំណុចភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ហើយឆ្ពោះមកកាន់តាមបណ្តាស្រុកដូចជាស្រុកស្ទោង ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន ស្រុកស្ទុក ស្រុកតាំងក្រសាំង និងស្រុកបារាយណ៍ជាប់ព្រំប្រទល់ខេត្តកំពង់ចាម

ពិធីនេះដែរ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC និងលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមានអ្នកជិះកង់ ម៉ូតូ និងរថយន្ត ប្រមាណជិត ពាន់នាក់  និងប្រជាពលរដ្ឋសិស្សានុសិស្ស ឈរអមសងខាងផ្លូវ យ៉ាងច្រើន កុះករ។

លោក ងួន រតនៈបានលើកឡើងថាៈ នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ សម្រាប់ប្រទេសកម្ពុជាដែលរង់ចាំអស់រយៈពេល ៦៦ឆ្នាំ យើងពិតជាមានមោទនភាព ណាស់ដែលបានទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ នៃការការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣  ហើយប្រទេសកម្ពុជាយើងជាម្ចាស់ផ្ទះ។ នេះគឺជាការវិលត្រឡប់មកដល់ខេត្តកំពង់ធំ បន្ទាប់ពីបានចាកចេញពីមាតុប្រទេស ទៅកាន់ប្រទេសតាមតំបន់អាស៊ាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ហើយបានធ្វើមាតុភូមិ និវត្តន៍មកវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ តាមច្រកព្រំដែន អន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ហើយបានដង្ហែតាមបណ្តារខេត្ត ជាប់បឹងទន្លេសាប មុននឹងដង្ហែទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកបានបន្តថាៈ ព្រឹត្តិការណ៍នៃការការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំ រហូតដល់ កម្ពុជា មានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ នេះ  ក្រោមមូលបទ «កីឡារស់ក្រោមសន្តិភាព» នេះជាមោទនភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ដែលនេះសបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពបរិបូណ៌ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យកម្ពុជាមានអ្វីគ្រប់យ៉ាង ដូចសព្វថ្ងៃនេះ និងល្បីសុះសាយលើឆាកអន្តរជាតិ។

លោក ងួន រតនៈ បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមអបអរសាទរ ក្នុង ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ 

លោកក៏លើកឡើងថាៈ យើងមានមោទនភាព ដែលបានកើតជាខ្មែរ ហើយយើងមាន មោទនភាពណាស់ដែលមានសន្តិភាពដូចសព្វថ្ងៃ មានសន្តិភាព គឺមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមានសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពដ៏ឆ្នើម ជយោ សន្តិភាព យើងខ្ញុំប្តេជ្ញានឹងការពារសន្តិភាពជានិរន្ត អរគុណសន្តិភាព។

សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេស អាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺ ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ដោយមានការចូលរួមពី បេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យ កីឡា កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបាន ការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ ក្នុងការដង្ហែទៅកាន់ប្រទេស វៀតណាម, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕/V-PC