ប្រែសម្រួល : កញ្ញាដាលីស (Goal) ៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតកំពុងរៀបចំការផ្តល់ជូនកិច្ចសន្យាដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលលើសកិច្ចព្រមព្រៀងរបស់គ្រីស្ទាណូ រ៉ូណាល់ដូ នៅក្លិប Al-Nassr ទៅទៀត ខណៈពួកមន្ត្រីមានឆន្ទៈផ្តល់ឱ្យម៉េសស៊ីនូវទឹកប្រាក់ ៣២០ លានផោនក្នុងមួយឆ្នាំ (៤០០ លានដុល្លារ) នេះបើយោងតាមកាសែត The Telegraph ។
ការពិភាក្សាដែលដឹកនាំដោយឪពុកនិងភ្នាក់ងាររបស់ម៉េសស៊ីគឺលោកចច (Jorge) កំពុងដំណើរការ ខណៈរូបគេត្រៀមខ្លួនក្លាយជាកីឡាករឥតតម្លៃខ្លួននៅរដូវក្តៅ នៅពេលរូបគេចាកចេញពី Paris Saint-Germain ។
ក្លិបអារ៉ាប៊ីសាអូឌីតក្នុងលីក Pro League ដែលម៉េសស៊ីនឹងចូលរួម នៅមិនទាន់កំណត់ឱ្យដឹងទេ បើទោះជាគូប្រជែងរបស់ Al-Nassr គឺក្លិប Al-Hilal ត្រូវបានគេសរសើរថាមានលទ្ធភាពខ្ពស់ក៏ដោយ។
ការធ្វើដំណើរនាពេលថ្មីៗនេះរបស់ម៉េសស៊ីទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យរូបគេរងការបញ្ឈរជើងពី PSG បានកើតឡើងជាមួយនឹងអត្ថប្រយោជន៍គ្រប់ប្រភេទ ដែលហាក់មានគោលបំណងបញ្ចុះបញ្ចូលរូបគេឱ្យផ្លាស់ទៅលេងនៅប្រទេសនេះពេញម៉ោង។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ប្រទេសនេះបានអះអាងថា រូបគេត្រូវបាន “ទាក់ទាញ” ដោយការបង្វឹកស្ទាំងឱ្យហោះទុំលើស្មារបស់គេ ខណៈភរិយាឈ្មោះ អានតូនែលឡា រ៉ុកគូសហ្សូ (Antonella Roccuzzo) បានចូលរួមក្នុងពិធីប្រពៃណីក្នុងស្រុកដោយពាក់ស្បៃហាម៉ា (Hama)របស់អារ៉ាប៊ីសាអូឌីតនៅលើក្បាលរបស់នាង។
PSG គ្រោងនឹងបាត់បង់ម៉េសស៊ីនៅរដូវក្តៅនេះ ហើយអារ៉ាប៊ីសាអូឌីតទំនងជានឹងបង្ហាញលក្ខខណ្ឌកិច្ចសន្យាល្អបំផុត ប៉ុន្តែម៉េសស៊ីក៏អាចជ្រើសរើស Barcelona ឬ Inter Miami ផងដែរ៕
ម៉េសស៊ីនិងភរិយាធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីតថ្មីៗនេះ ជាហេតុនាំឱ្យ PSG ពិន័យរូបគេមិនឱ្យប្រកួត២ជុំ