ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងចំនួនពីរត្រូវបានស្តាប់ឮនៅក្នុងទីក្រុងគៀវកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ឧសភា បន្ទាប់ពីរុស្ស៊ីបានគំរាមសងសឹកចំពោះការអះអាងថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនមានគោលបំណងធ្វើឃាតលោក វ្ល៉ាឌីមៀ ពូទីន។
រដ្ឋបាលយោធាតំបន់ទីក្រុងគៀវបានបន្លឺសារ៉ែនព្រមានអំពីការវាយឆ្មក់តាមអាកាសសម្រាប់ទីក្រុងគៀវនិងតំបន់ជុំវិញ ដោយព្រមានថា ការវាយប្រហារដោយដ្រូនអាចនឹងកើតឡើង។
តាមសេចក្តីរាយការណ៍ ខែលការពារដែនអាកាសរបស់អ៊ុយក្រែនកំពុងធ្វើការនៅក្នុងទីក្រុងគៀវ ហើយអ្នកស្រុកត្រូវបានជំរុញឱ្យជ្រកកោន។ ការផ្ទុះក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងទីក្រុងហ្សាផូរីហ្សហ្សា (Zaporizhzhia) និងទីក្រុងអូដេសា (Odesa) នេះបើយោងតាមរបាយការណ៍នៅលើបណ្តាញ Telegram ក្នុងស្រុក។
ការផ្ទុះនេះកើតឡើងបន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) កាលពីថ្ងៃពុធបានអំពាវនាវឱ្យ “កម្ទេច” ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចំពេលមានការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងគៀវព្យាយាមសម្លាប់លោកពូទីន។
អ៊ុយក្រែនបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការអះអាងនេះ ដោយនិយាយថា ការវាយប្រហារនេះគ្មានអ្វីពាក់ព័ន្ធនឹងការប៉ងធ្វើឃាតពូទីនទេ។
រដ្ឋាភិបាលក្រុងមូស្គូបានអះអាងកាលពីថ្ងៃពុធថា ដ្រូនរបស់អ៊ុយក្រែនមួយគូបានផ្ទុះនៅលើលំនៅឋានរបស់លោកពូទីននៅវិមានក្រឹមឡាំងទាំងព្រលឹម។
រុស្ស៊ីបាននិយាយថា ខ្លួនបានទប់ស្កាត់ការប៉ុនប៉ងធ្វើឃាតនេះ ហើយបានហៅវាថាជា “អំពើភេរវកម្មដែលបានគ្រោងទុក និងជាការប៉ុនប៉ងសម្លាប់ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី”។ រឿងនេះបានជំរុញឱ្យមានការទាមទារពីសមាជិកសភារុស្ស៊ីឱ្យបំផ្លាញចោលនូវរដ្ឋាភិបាលក្រុងគៀវ។
លោកមេតវេដេវបាននិយាយជាការឆ្លើយតបវិញថា “បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃនេះ គ្មានជម្រើសអ្វីក្រៅពីការកម្ទេចចោលលោកហ្សេលេនស្គីនិងបក្ខពួករបស់គាត់នោះឡើយ”។
កាលពីថ្ងៃពុធលោកហ្សេលេនស្គីបានបដិសេធការអះអាងរបស់រដ្ឋាភិបាលក្រុងមូស្គូដែលថា រដ្ឋាភិបាលក្រុងគៀវបានប៉ុនប៉ងធ្វើឃាតលោកពូទីន បន្ទាប់ពីរុស្ស៊ីបាននិយាយថាដ្រូនទាំងពីរត្រូវបានបាញ់ទម្លាក់។
លោកហ្សេលេនស្គីបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំប្រទេសក្នុងតំបន់ន័រឌីក (Nordic) នៅក្នុងទីក្រុងហែលស៊ីនគី (Helsinki) ថា “យើងមិនបានវាយប្រហារលោកពូទីនទេ។ យើងទុករឿងនេះឱ្យតុលាការកាត់ក្តីទៅចុះ។ យើងប្រយុទ្ធនៅលើទឹកដីរបស់យើង យើងកំពុងការពារមាតុភូមិនិងទីក្រុងរបស់យើង”៕
ការផ្ទុះកក្រើកទីក្រុងគៀវត្រូវបានស្តាប់ឮកាលពីថ្ងៃព្រហស្បតិ៍