ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ក្រុមហ៊ុន Huawei បានប្រកាសឧបករណ៍ពាក់បានថ្មីចំនួនពីរគឺនាឡិកា Huawei Watch Buds និងកាស Huawei FreeBuds 5 ។
ក្រុមហ៊ុន Huawei និយាយថា Huawei Watch Buds គឺជានាឡិកាឆ្លាតវៃដំបូងគេក្នុងឧស្សាហកម្មនេះ ដែលមានគម្របដែកឆក់និងកាសស្តាប់ត្រចៀកបំពាក់នៅខាងក្នុង ដោយធ្វើឱ្យគេមើលមិនដឹងថាមានកាសនិងនាឡិកាឆ្លាតវៃក្នុងពេលតែមួយនោះទេ។ ពួកវាក៏គាំទ្រមុខងារត្រួតពិនិត្យសុខភាព និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវការវិភាគទិន្នន័យប្រកបដោយវិជ្ជាជីវៈ និងប្រព័ន្ធផ្តល់រង្វាន់សម្រាប់ការធ្វើសកម្មភាពផងដែរ។
កាសស្តាប់ត្រចៀកដែលភ្ជាប់មកជាមួយអាចមានទំហំតូចក៏ពិតមែន ប៉ុន្តែពួកវាផ្ទុកនូវការបញ្ជាសំឡេងចំនួនប្រាំមួយបែប ហើយមានទម្ងន់ស្រាលដូចរោមសត្វ។ ពិតណាស់កាសនេះមិនមែនបំពាក់ឧបករណ៍ទាបៗនោះឡើយបើធៀបនឹងកាសស្តាប់ត្រចៀកផ្សេងទៀត ហើយវាថែមទាំងបំពាក់លើសកាសទាំងនោះទៀត។ ក្រៅពីមីក្រូហ្វូនទាំងពីរ នាឡិកា Buds មានឧបករណ៍ចាប់សញ្ញាសំឡេងឆ្អឹងដៃភ្ជាប់មកជាមួយផងដែរ។ នាឡិកា Watch Buds អាចចាប់យកទាំងសំឡេងពីបំពង់កនិងសំឡេងជុំវិញខ្លួន ហើយអាចកំណត់អត្តសញ្ញាណសំឡេងរបស់អ្នកយ៉ាងត្រឹមត្រូវតាមរយៈឆ្អឹងរបស់អ្នក ដោយញែកដាច់យ៉ាងច្បាស់នូវសំឡេងឆ្អឹងពីសំឡេងរំខានដទៃ។
នាឡិកានេះក៏គាំទ្រមុខងារត្រួតពិនិត្យសុខភាពមួយចំនួនផងដែរ ដូចជាការស្វែររកកំហាប់អុកស៊ីសែនក្នុងឈាមដោយស្វ័យប្រវត្តិ ការត្រួតពិនិត្យចង្វាក់បេះដូង និងការត្រួតពិនិត្យការគេង។ វាក៏ផ្តល់នូវការវិភាគទិន្នន័យប្រកបដោយវិជ្ជាជីវៈនិងប្រព័ន្ធផ្តល់រង្វាន់សម្រាប់ការធ្វើសកម្មភាពផងដែរ ដើម្បីជួយអ្នកបណ្តុះទម្លាប់ល្អៗ។
ថ្មរបស់នាឡិកា Huawei Watch Buds អាចផ្តល់ថាមពលទាំងនាឡិកានិងកាស។ វាកាន់ថ្មបានរហូតដល់បីថ្ងៃសម្រាប់ការសាកពេញក្នុងការប្រើប្រាស់ “ធម្មតា” និងកាន់រហូតដល់ប្រាំពីរថ្ងៃក្នុងម៉ូតសន្សំថាមពល។ ពិតណាស់ ថ្មរបស់កាសនៅមានកម្រិត គឺប្រើបានតែ ៤ ម៉ោង (៣ម៉ោងជាមួយការបើក ANC)។
ទន្ទឹមនេះ កាសស្តាប់ត្រចៀក Huawei FreeBuds 5 ជំនាន់ថ្មីនេះ មានការរចនារូបរាងបែបដំណក់ទឹក ដែលផ្តល់នូវផាសុកភាពនិងសោភណភាពជាអតិបរមា ដែលធានាថា សម្ពាធគឺមានសភាពស្មើគ្នា នៅពេលដែលកាសត្រូវផ្អឹបនឹងត្រចៀក។ ក្រុមហ៊ុន Huawei និយាយថា នេះគឺជាលទ្ធផលនៃការធ្វើតេស្តិ៍ Ergonomic រាប់ម៉ឺនដង និងការកែកុនប្រសិទ្ធភាពរាប់រយដង ដើម្បីធានាថា កាសរាងអក្សរ C សមនឹងរង្វង់ត្រចៀក។
នាឡិកា Huawei Watch Buds មានតម្លៃ ៦៩៨ ដុល្លារ និងកាស Huawei FreeBuds 5 មានតម្លៃ ១៩៨ ដុល្លារ៕
នាឡិកា Huawei Watch Buds និង កាស Huawei FreeBuds 5