ដោយ:បូកគោ/កំពត: ដោយមានកិច្ចចូលរួមសហការរវាងរដ្ឋបាលខេត្តកំពត និងមន្ត្រីសហព័ន្ធកីឡាកម្ពុជា ការរៀបចំទីលានប្រកួតកីឡាទូកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងធ្វើឡើងនៅបរិវេណមណ្ឌលកីឡាលើទឹកសម្រេចបានស្ទើរ១០០ភាគរយហើយ រីឯ យុទ្ធនាការសម្អាតអនាម័យបរិស្ថានតាមទីសាធារណៈក្នុងក្រុង និងបរិវេណរៀបចំការប្រកួតនឹងបន្តធ្វើរហូតដល់ចប់ពិធី។
ក្រុមយុវជនដែលចូលរួមសម្អាតអនាម័យនាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣បានរៀបរាប់ថា ពេលវេលាដែលពួកខ្លួនទទ្ទឹងរង់ចាំសម្រាប់កីឡាស៊ីហ្គេមដោយចូលរួមរាប់ថយក្រោយរយៈពេល១០០ថ្ងៃនឹងមកដល់ស្អែកនេះហើយ។ អ្វីដែលកាន់តែពិសេសក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដោយកម្ពុជាបានខកខានជាង៦០ឆ្នាំមកនេះ គឺខេត្តកំពតមានកិត្តិយសទទួលរៀបចំការប្រកួតកីឡាទូកផងដែរ។ ក្រុមយុវជនបានបញ្ជាក់ថា ដើម្បីចូលរួមធ្វើឱ្យព្រឹត្តិការណ៍ស៊ីហ្គេមប្រព្រឹត្តទៅដោយជោគជ័យ និងស័ក្តិសមជាម្ចាស់ផ្ទះ ពួកខ្លូនប្តេជ្ញាចូលរួមសម្អាតអនាម័យបរិស្ថានចាប់ពីថ្ងៃនេះរហូតចប់ការប្រកួតតែម្ដង។
លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបានបញ្ជាក់ថា រដ្ឋបាលខេត្តសហការជាមួយគណៈកម្មការរៀបចំការប្រកួតនឹងបន្តខិតខំធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ស៊ីហ្គេមរៀបចំក្នុងខេត្តកំពតមានភាពស្អាតល្អពោរពេញដោយភាពទាក់ទាញដើម្បីទទួលក្រុមប្រតិភូ អត្តពលិកដែលធ្វើដំណើរមកដល់នាថ្ងៃទី១០ ខែឧសភាខាងមុខ។ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមទស្សនាច្រើន ហើយពោរពេញដោយភាពសប្បាយរីករាយសម្រាប់ខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាទូកដែលធ្វើឡើងនៅទីលានកីឡដ្ឋានលើទឹកខេត្តកំពតនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៦ ខែឧសភា ឆ្នាំ២០២៣។ ក្រុមកីឡាករ និងអត្តពលិកដែលចូលរួមមកពី៩ប្រទេសមានចំនួន៣២៤នាក់៕ P / N