ដោយៈដេប៉ូ/ស្ទឹងត្រែង៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ជំរុញឱ្យយុវជនប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីចូលរួមការពារភពផែនដី តាមរយៈការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល និងចែករំលែកចំណេះដឹងបរិស្ថានជាមួយសិស្សានុសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ចមុនមួយថ្ងៃនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង។
លោក នេត្រ ភក្រ្តា បានថ្លែងដោយធ្វើការចែករំលែកនូវចំណេះដឹងពីបរិស្ថាន ការប្រែប្រួលអាកាសធាតុដល់សិស្សានុសិស្ស និងលោកបានចោទសួរថាតើយើងត្រូវធ្វើដូចម្តេចដើម្បីការពារភពផែនដីរបស់យើង ដែលស្របទៅនឹងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី»។
លោកបានគូសបញ្ជាក់ផងថា ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដើម្បីការពារភពផែនដី គឺត្រូវចូលរួមប្រតិបត្តិមេត្រីបរិស្ថាន និងការពារធនធានធម្មជាតិ ដែលកិច្ចការទាំងនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា «ធម្មជាតិអាចរស់នៅដោយគ្មានមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ» ហេតុនេះ យើងត្រូវចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។
លោកបានថ្លែងអំណរគុណដល់សិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងមានការយល់ដឹងច្រើនអំពីកិច្ចការពារបរិស្ថាន។ គោលដៅរបស់យើង គឺធ្វើយ៉ាងណាឱ្យមានបរិស្ថានល្អ និងមាននិរន្តរភាពបរិស្ថាន។
សូមជម្រាបដែរថា ពិធីសំណេះសំណាល និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ក៏មានកម្មវិធីសំណួរចម្លើយពាក់ព័ន្ធជាមួយនឹងចំណេះដឹងបរិស្ថាន ហើយមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ដោយមានការចោទជាសំណួរ និងឆ្លើយ ដែលបានបង្ហាញពីការយល់ដឹងរបស់សិស្សានុសិស្សអំពីបរិស្ថានផងដែរ៕សរន