ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមមន្ត្រីបាននិយាយថាយ៉ាងហោចណាស់គ្រូបង្រៀនប្រាំពីរនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅភាគពាយព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ទី៤ឧសភានៅក្នុងអ្វីដែលហាក់ដូចជាការសងសឹកចំពោះការវាយប្រហារមុននេះ ដែលក្នុងនោះគ្រូបង្រៀនម្នាក់ទៀតត្រូវបានបាញ់សម្លាប់។
ពួកគេបាននិយាយថា ឧបទ្ទវហេតុទាំងពីរបានកើតឡើងនៅក្នុងស្រុកកុលសម្ព័ន្ធគួរ៉ាម (Kurram)នៅតំបន់ផារ៉ាស៊ីណា (Parachinar) ក្បែរព្រំដែនជាមួយអាហ្វហ្គានីស្ថាន។
ភស្តុតាងផ្ទុយគ្នាត្រូវបានផ្តល់ឱ្យដោយអាជ្ញាធរក្នុងតំបន់អំពីហេតុផលសម្រាប់ការសម្លាប់នេះ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យអភិបាលខេត្តបាននិយាយថា វាពាក់ព័ន្ធនឹងជម្លោះអចលនទ្រព្យ ប៉ុន្តែស្នងការប៉ូលិសតំបន់បាននិយាយថា ជម្លោះនិកាយសាសនាទំនងជាមូលហេតុ។
លោកស្នងការ សៃហ្វូល អ៊ីស្លាម (Saiful Islam) បាននិយាយថា គ្រូបង្រៀន ដែលត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុដំបូងគឺជាជនមូស្លីមនិកាយស៊ុននី ខណៈអ្នកដែលត្រូវបានបាញ់សម្លាប់នៅក្នុងការវាយប្រហារលើកទីពីរនៅសាលាគឺជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត។
លោកបាននិយាយថា “គេមិនច្បាស់ទេថាតើឧបទ្ទវហេតុទីពីរជាប្រតិកម្មចំពោះករណីទីមួយឬយ៉ាងណា” ដោយបន្ថែមថា សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងតំបន់ ដែលភាពតានតឹងដោយសារអំពើហិង្សានិកាយបានកើនឡើងរួចជាស្រេច។
ស្រុកបែបកុលសម្ព័ន្ធនេះមានប្រជាជនកាន់និកាយស៊ីអ៊ីតភាគច្រើន ដែលតែងត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនិកាយស៊ុននីមកពីចលនាតាលីបង់ក្នុងតំបន់។ ពួកសកម្មប្រយុទ្ធនិកាយស៊ុននីចាត់ទុកអ្នកកាន់និកាយស៊ីអ៊ីតថាជាពួកប្រឆាំងសាសនាអ៊ីស្លាម។
ប៉ូលិសនិយាយថា ពួកគេកំពុងប្រមូលព័ត៌មានបន្ថែម ខណៈពួកគេស៊ើបអង្កេតឧបទ្ទវហេតុទាំងពីរ៕
គ្រូបង្រៀនសរុប៨នាក់ត្រូវបានបាញ់សម្លាប់ក្នុងឧបទ្ទវហេតុពីរផ្សេងគ្នានៅស្រុកតែមួយក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍