​រថយន្ត​ដឹក​សាំង​បុក​រថយន្ត​កូរ៉េ​ពីក្រោយ​បណ្តាលឱ្យ​ក្រឡាប់​រងរបួស​មនុស្ស​៥​នាក់​

945
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ដឹក​សាំង​និង​រថយន្ត​កូរ៉េ​ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​ទិស​លិច​បណ្តាលឱ្យ​ក្រឡាប់​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​ធ្វើឱ្យ​មនុស្ស​រួម​ដំណើរ​ចំនួន​៥​នាក់​បាន​រងរបួស​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​បានបញ្ជាក់​ថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កូរ៉េ​ពណ៌​ខៀវ​ដែល​បើកបរ​ដោយ​ឈ្មោះ​លន​សឿន​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​ដែលមាន​អ្នករួមដំណើរ​ចំនួន​៤​នាក់ បាន​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច​។​ចំណែក​រថយន្ត​ដឹក​សាំង​ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A ០៤៨៥ ដែល​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​កូរ៉េ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​រថយន្ត​ដឹក​សាំង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ស្រាប់តែ​បុក​រថយន្ត​កូរ៉េ​ពីក្រោយ​បណ្តាលឱ្យ​ក្រឡាប់​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​តែម្តង​។​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​ដឹក​សាំង​បាន​ចុះ​រត់​គេចខ្លួនបាត់​តែម្តង​ដោយ​ទុក​រថយន្ត​នៅ​ចោល​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ដែល​រងគ្រោះថ្នាក់​នេះ​គឺមាន​ទី​១​ឈ្មោះ លន សឿន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​អ្នកបើករថយន្ត​កូរ៉េ​។ ទី​២ ឈ្មោះ ឆូ​យ ម៉ូ ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ ទី​៣​ឈ្មោះ ឆូ​យ សុជា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ទី​៤​ឈ្មោះ ឈួន វិ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ និង​ទី​៥​ឈ្មោះ ស៊ុយ រតនា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ពួកគាត់​រស់នៅ​ភូមិ​ក្នុង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ៕S/

រូបភាពៈ បើកបរ​ស្រប​ទិស​គ្នា​រថយន្ត​ដឹក​សាំង​បុក​រថយន្ត​កូរ៉េ​ពីក្រោយ​បណ្តាលអោយ​ក្រឡាប់​
​រងរបួស​មនុស្ស​៥​នាក់ នៅ​ស្រុក​ជីក្រែង​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម