ដោយៈ យោធិន / ភ្នំពេញៈ នាព្រឹកថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំ ទីស្នាក់ការ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីជូនដំណើរ កងវិស្វកម្ម លេខ៤២៣ ចេញបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល (MINUSCA)

លោក ហ្សូ សែហ្វហ៊្សូអឺ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា និង នាយឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន ក៏មានវត្តមាន ក្នុងពិធីជូនដំណើរ ខាងលើនេះផងដែរ។

ក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍ ស្តីពីសកម្មភាពកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថាៈកងវិស្វកម្មលេខ ៤២៣ គឺជាកងទី ដែលត្រៀមចេញទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល នាពេលខាងមុខឆាប់ៗនេះ មានចំនួនសរុប ២៤៤ នាក់ ដែលក្នុងចំណោមនេះ មាននារី ចំនួន ៣០ នាក់ ដែលមកពី ៤០ កងឯកភាពនៃកងយោធពលខេមរភូមិន្ទ។

កងកម្លាំង ដែលនឹងចេញបំពេញបេសកកម ក្នុងឆ្នាំទី៩ នេះ សុទ្ធតែបានទទួល ការហ្វឹកហ្វឺនមុនចល័ត និងលើជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ពីគ្រូបង្គោលកម្ពុជា និងពីបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលដូចបណ្តាកង មុនៗដែរ។នេះបើតាមការលើកឡើង ពីប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបង្ហាញពីមោទកភាពកម្ពុជា លើវិស័យចូលរួម បេសកកម្ម រក្សាសន្តិភាព ដែលបានបញ្ជូនកងកម្លាំង ជិត៩ពាន់នាក់ ចូលរួម បេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដោយទទួលបានស្នាដៃយ៉ាងធំធេង ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៦ មក។

ឆ្លៀតក្នុងឱកាសខួបគម្រប់ ១៧ឆ្នាំ ដែលកម្ពុជាបញ្ជូនកងកម្លាំង ចូលរួមបេសកកម្ម អង្គការសហប្រជាជាតិ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានថ្លែង កោតសរសើរដោយស្មោះ និងដឹងគុណ ចំពោះពលិកម្ម នៃកងកម្លាំងកម្ពុជា ដែលជាវិរបុរស ថែរក្សាសន្តិភាព ទន្ទឹមនេះ ក៏បានផ្តាំផ្ញើដល់ កងកម្លាំងទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវប្រសាសន៍បទបញ្ជាទាំង៤ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ លោក Joseph Scheuer ក៏បានបង្ហាញការដឹងគុណ និងមាន មោទកភាពយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងប្រតិបត្តិការ រក្សាសន្តិភាព។ ជាពិសេស តួលេខរបស់ អង្គការសហប្រជាជាតិ បានឲ្យឃើញថា នៅចុងឆ្នាំ២០២២កម្ពុជា ជាប់លំដាប់លេខរៀងទី៥ ទូទាំងពិភពលោក ក្នុងសមាមាត្រ នៃកងកម្លាំង ដែលត្រូវបានដាក់ពង្រាយស្រ្តី ក្នុងចំណោម ៧៨ប្រទេស ដែលបរិច្ចាគកម្លាំង។

លោក Joseph Scheuer ក៏បានអបអរកម្ពុជា ក្នុងការសម្រេចបាននូវ យុទ្ធសាស្រ្តសមភាពយេនឌ័ររបស់ អង្គការសហប្រជាជាតិប្រទេសបរិច្ចាគ កងកម្លាំងទាំងអស់នឹងកំណត់ឱ្យចល័តកម្លាំងនារីជានាយទាហានសេនាធិការ ដល់ទៅ ២៥% និងក្នុងកងឱ្យបាន​​ដល់ទៅ១៥% នាឆ្នាំ២០២៨ ដោយឡែកកម្ពុជាបានសម្រេចនូវសន្ទស្សន៍នេះ តាំងពីឆ្នាំ២០២២ មកម៉្លេះ /V-PC