ដោយ៖ ដេប៉ូ / ស្ទឺងត្រែង៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី»។ ពិធីនេះដែរ ត្រូវបានរៀបចំ និងសហការរវាងក្រសួងបរិស្ថាន ជាមួយរដ្ឋបាល ខេត្តស្ទឹងត្រែង និងសហការឧបត្ថម្ភគាំទ្រ ដោយក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាៈ «ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី បានផ្តល់អ្វីៗទាំងអស់ សម្រាប់គាំទ្រដល់ ភាវរស់នៅលើភពផែនដី ក្នុងនោះមានមនុស្សជាតិផងដែរ។ ស្បៀងអាហារ ទឹកសម្រាប់ពិសា និងខ្យល់ដកដង្ហើម ដែលមនុស្សកំពុងត្រូវការ បានមកពីផែនដី។ ប្រព័ន្ធអេកូឡូស៊ីផែនដី បច្ចុប្បន្ន ប្រឈមនឹងភាពរិចរឹល ដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាស ធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដូចជាការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារ ព្រៃឡើងវិញ ការសន្សំសំចៃថាមពល ការសន្សំសំចៃការប្រើប្រាស់ទឹក និងកុំខ្ជះខ្ជាយ ម្ហូបអាហារ ដើម្បីធានាសន្តិសុខស្បៀង និងមានទឹកគ្រប់គ្រា់នដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។ ធម្មជាតិ អាចរីកលូតលាស់ ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានឡើយ បើគ្មានធម្មជាតិ។

បន្ថែមពីនេះ លោក រដ្ឋលេខាធិការ ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការ ចូលរួមសហការលោកគាំទ្ររបស់ វីតាល់ ជាមួយសកម្មភាពនានារបស់ ក្រសួងបរិស្ថាន ជាដរាប។

លោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថាៈ ប្រធានបទឆ្នាំនេះ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងការក្រើនរំលឹកសារ ទៅកាន់ពិភពលោក ពីការស្តារប្រព័ន្ធអេកូឡូស៊ី ដែលត្រូវបានរំខាន និងដើម្បីឆ្លើយ តបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក រហោរស្ថានកម្ម និងជីវៈចម្រុះ។ ដូចនេះហើយបានជា ព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បាននិងកំពុងបំពេញបេសកម្ម ដឹកនាំ និងគ្រប់គ្រង ការងារកិច្ចគាំពារបរិស្ថាន ការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្ស ជីវចម្រុះ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង តំបន់ការពារធម្មជាតិទាំង៧៦កន្លែង និងមុខងារ ប្រព័ន្ធអេកូឡូស៊ីសំដៅធានា៖ ១- សេវាកម្មផ្តល់៖ ប្រភពអាហារ ទឹកប្រើប្រាស់ ឈើប្រើប្រាស់ ឧសថ និងថាមពល ប្រើប្រាស់។ ២-សេវាកម្មធ្វើនិយ័តកម្ម៖ ធ្វើនិយ័តកម្មធាតុអាកាស ខ្សែសង្វាក់អាហារ និងនិយ័តកម្មបន្សុតទឹក។
៣-សេវាកម្មវប្បធម៌៖ តំបន់មានសោភ័ណភាព តំបន់អបិយ៍ជំនឿ កន្លែងសិក្សាអប់រំ ស្រាវជ្រាវ និងតំបន់កម្សាន្ត។ ៤-សេវាកម្មគាំទ្រ៖ ផលិតសារជាតិចិញ្ចឹម បង្កើតសារធាតុចិញ្ចឹម បង្កើតជីជាតិដី និងផលិតកម្មបឋម។

គួរបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ស្របទៅនឹងខួបលើកទី៣១ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ជាមួយគោលបំណង ក្នុងការបង្កើន ការយល់ដឹងដល់សាធារណជន អំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ ឱ្យក្លាយទៅជាភ្នាក់ងារសកម្ម ប្រកបដោយចីរភាព និងរួមគ្នារក្សា ការពារនិងអភិវឌ្ឍមេត្រីបរិស្ថាន។ បន្ថែមពីនេះ ២០២៣ ជាឆ្នាំដ៏សំខាន់ សម្រាប់ការ ប្តេជ្ញាចិត្តរបស់ប្រជាជាតិនានា ក្នុងការចូលរួមអភិរក្ស និងស្តារឡើងវិញប្រព័ន្ធ អេកូឡូស៊ី និងការប្រឆាំងនឹងវិបត្តិ អាកាសធាតុ និងបង្កើនសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក និងជីវៈចម្រុះ៕ V / N