ចន្ទ​គ្រាស​យូរ​បំផុត​ប្រចាំ​សតវត្សរ៍​ទី​២១ នឹង​មកដល់​នៅ​សប្តាហ៍​ក្រោយ​

2404
ចែករម្លែក

​ព្រះ​ចន្ទ​នឹង​បាត់ស្រមោល​រយៈពេល ៦ ម៉ោង​នៅ​សប្តាហ៍​ក្រោយ នៅក្នុង​បាតុភូត​ចន្ទ​គ្រាស​យូរ​បំផុត​ប្រចាំ​សតវត្សរ៍​ទី ២១​។​

​ចន្ទ​គ្រាស​នេះ​នឹង​អាច​មើលឃើញ​ទូទាំងប្រទេស​ថៃ (​ព្រមទាំង​កម្ពុជា​ផងដែរ​) ចាប់ពី​ថ្ងៃទី ២៧ កក្កដា​ដល់​ថ្ងៃទី ២៨ កក្កដា​រវាង​ពាក់កណ្តាល​អា​ធ្រា​ត្រ​និង​ម៉ោង ៦ ព្រឹក​។

​ទូរទស្សន៍ Thai PBS របស់​ថៃ​បាន​រាយការណ៍​ថា ដំណាក់កាល​រា​ហ៊ូ​ចាប់​ចន្ទ​ទាំងស្រុង​ឬ​លេប​ព្រះ​ចន្ទ​ទាំងស្រុង​នឹងមាន​រយៈពេល ១០០ នាទី​។ រា​ហ៊ូ​ចាប់​ចន្ទ​ទាំងស្រុង​ដែលមាន​រយៈពេល​ខ្លី​ជាងគេ​ប្រចាំ​សតវត្សរ៍​នេះ​គឺ ៥ នាទី​កាលពី​ឆ្នាំ ២០១៥​។

​លោក​បណ្ឌិត សារុន ប៉ូ​សា​យ៉ា​ចិន្តា នាយក​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​តារាសាស្ត្រ បាន​និយាយថា បាតុភូត​តារាសាស្ត្រ​៣​នឹង​កើតឡើង​នៅ​រាត្រី​ចន្ទ​គ្រាស ថ្ងៃទី ២៧ កក្កដា​។​

​លោក​ប៉ូ​សា​យ៉ា​ចិន្តា​និយាយថា “​ចន្ទ​គ្រាស​មួយ​ចំណិត​នឹង​កើតឡើង​មុនគេ បន្ទាប់មក​ទើប​ចន្ទ​គ្រាស​ទាំងស្រុង​កើតឡើង​តាម​ក្រោយ ដែល​បាតុភូត​នីមួយៗ​មាន​រយៈពេល ៦៦ នាទី​។ ដូច្នេះ​ចាប់ពី​ពេល​ចាប់ផ្ដើម​រហូតដល់​ទីប​ញ្ច​ប់ ចន្ទ​គ្រា​សមាន​រយៈពេល​ជិត ៤ ម៉ោង​ឆ្លងកាត់​ក្រោម​ស្រមោល​ងងឹត​របស់​ផែនដី​។ ភព​អង្គារ​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​និង​មាន​ពណ៌​ក្រហម​ពេញ​មួយខែ​កក្កដា​និង​សីហា​ឆ្នាំនេះ​តែម្តង ប៉ុន្តែ​រាត្រី​ចន្ទ​គ្រាស​នេះ​នឹងមាន​លក្ខណៈពិសេស​ណាស់​”​។​

​លោក​បន្តថា “​ចន្ទ​គ្រា​សនឹង​កើតមានឡើង​នៅ​យប់​តែមួយ​ដែល​ផែនដី​កំពុង​ឆ្លងកាត់​រវាង​ព្រះអាទិត្យ​និង​ភព​អង្គារ ដោយ​ដាក់​ភព​អង្គារ​នៅ​ទល់មុខ​ផែនដី​នៅឯ​ជើងមេឃ​ឯណោះ​។ នៅក្នុង​ភាព​ចៃដន្យ​ដ៏​អស្ចារ្យ​របស់​ផ្ទៃមេឃ គឺថា ការដែល​ផែនដី​នៅ​ទល់មុខ​ជាមួយ​ភព​អង្គារ​នឹង​កើតឡើង​នៅ​ថ្ងៃទី​២៧ កក្កដា​ផងដែរ​។ វា​មិនមែន​គ្រាន់តែ​ជាការ​នៅ​ទល់មុខ​នឹង​ភព​អង្គារ​ធម្មតា​នោះទេ ប៉ុន្តែ​ជាការ​នៅ​ទល់មុខ​ភព​អង្គារ​ដ៏​អស្ចារ្យ​បំផុត​ចាប់តាំងពី​ឆ្នាំ ២០០៣”​។​

​ទោះបី​ចន្ទ​គ្រា​សមាន​រយៈពេល​យូរ​បំផុត​ក៏ពិតមែន ប៉ុន្តែ​លោក​សារុន​បាន​និយាយថា ព្រះ​ចន្ទ​នឹងមាន​ទំហំ​តូច​ជាង​ធម្មតា​ពីព្រោះ​វា​នឹង​ស្ថិតនៅ​ចំណុច​ឆ្ងាយ​បំផុត​ពី​ផែនដី​ក្នុងឆ្នាំនេះ គឺ​នៅ​ចម្ងាយ ៤០៦.០០០ គីឡូម៉ែត្រ​ពី​ផែនដី​។ គាត់​បាន​កត់សម្គាល់ថា រាត្រី​ចន្ទ​គ្រាស​នោះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​សង្កេតមើល​ភព​អង្គារ នៅពេល​វា​ស្ថិតនៅ​កៀក​ផែនដី​ត្រឹម ៥៧,៦ លាន​គីឡូម៉ែត្រ ដែលជា​ចម្ងាយ​ជិត​បំផុត​ក្នុង​រយៈពេល ១៥ ឆ្នាំ​។ ចម្ងាយ​មធ្យម​គឺ​ប្រហែល ២២៥ លាន​គីឡូម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស

ចន្ទ​គ្រាស​យូរ​បំផុត​នឹង​កើតឡើង​នៅ​ថ្ងៃទី ២៧ ឆ្លង​ចូល ២៨ កក្កដា រហូតដល់​ម៉ោង ៦ ព្រឹក

ទីតាំងផ្សាយពាណិជ្ជកម្ម