ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការសុខភាពពិភពលោក (WHO)បាននិយាយកាលពីថ្ងៃសុក្រទី៥ឧសភាថា ជំងឺរាតត្បាតកូវីដ១៩ដែលសម្លាប់មនុស្សរាប់លាននាក់និងបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចនិងសង្គមនៅទូទាំងពិភពលោក លែងជាគ្រោះអាសន្នសុខភាពសកលទៀតហើយ តែព្រមានថា ការគំរាមកំហែងគឺនៅតែមាន។
ប្រមុខ WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំសូមប្រកាសដោយក្តីសង្ឃឹមដ៏អស្ចារ្យថា កូវីដ១៩ លែងជាគ្រោះអាសន្នសុខភាពសកលទៀតហើយ”។
ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការគ្រោះអាសន្នឯករាជ្យរបស់ WHOស្តីពីវិបត្តិកូវីដ១៩ បានឯកភាពថា កូវីដលែងសមនឹងកម្រិតប្រកាសអាសន្នកម្រិតខ្ពស់បំផុតរបស់អង្គការទៀតហើយ ហើយ “បានណែនាំថាវាដល់ពេលដែលត្រូវប្តូរទៅរកត្រឹមកម្រិតគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩រយៈពេលវែងវិញហើយ”។
ប៉ុន្តែគ្រោះថ្នាក់មិនទាន់ចប់ទេ នេះបើយោងតាមលោកតេត្រូស ដែលបានប៉ាន់ប្រមាណថា កូវីដបានសម្លាប់មនុស្ស “យ៉ាងហោចណាស់ ២០ លាននាក់” គឺលើសប្រហែលបីដងនៃការស្លាប់ជិត៧លាននាក់ដែលត្រូវបានកត់ត្រាជាផ្លូវការ។
លោកបាននិយាយថា “មេរោគនេះនឹងបន្តស្នាក់នៅទីនេះ។ វានៅតែសម្លាប់មនុស្ស ហើយវានៅតែបំប្លែងខ្លួន”។
“រឿងដ៏អាក្រក់បំផុតដែលប្រទេសទាំងឡាយអាចធ្វើបាននៅពេលនេះ គឺ ប្រើព័ត៌មាននេះជាហេតុផលដើម្បីជិះសេះលែងដៃ រុះរើចោលនូវប្រព័ន្ធដែលខ្លួនបានសាងសង់ ឬផ្ញើសារទៅកាន់ប្រជាជនរបស់ខ្លួនថា កូវីដ១៩មិនមានអ្វីត្រូវព្រួយបារម្ភ”៕
ប្រមុខ WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស ប្រកាសថា កូវីដ១៩លែងជាគ្រោះអាសន្នសកលទៀតហើយ