ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចយល់ព្រម បញ្ចូលលោកស្រី ប៉ីប៉ីលី និងស្វាមី ដែលមានឈ្មោះពិតប្រាកដលោកស្រី ធី សុខា និងលោក ញឹល ចាន់ណា ជាសមាជិក គណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថាៈ «យល់ព្រមបញ្ចូល លោកញឹល ចាន់ណា និងលោកស្រី ធី សុខា ជាសមាជិកគណបក្សប្រជាជនកម្ពុជា»។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ បានប្រកាសសូមស្វាគមន៍ទទួលយកតាមសំណើ របស់សកម្មជនគណបក្សភ្លើងទៀន លោកស្រី ប៉ីប៉ីលី (Pey Pey Ly) និងស្វាមី ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយចេញវិដេអូ សុំអភ័យទោសសម្តេចតេជោ ហ៊ុន សែន បានបង្ហាញស្វាគមន៍យ៉ាងដូច្នេះថា«មុននេះបន្តិច ខ្ញុំបានទទួលវីដេអូរបស់កូនស្រី ប៉ីប៉ីលី និងស្វាមី ដែលសុំអភ័យទោស និងសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ក្នុងវីដេអូនេះកូនស្រី ប៉ីប៉ីលី បានរៀបរាប់ នូវរឿងរ៉ាវជាច្រើនដែល ខ្ញុំនឹងបង្ហាញជូនតាមបណ្តាញសង្គមរបស់ខ្ញុំ។
«ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ ទទួលយកតាមសំណើរបស់ ប៉ីប៉ីលី និងស្វាមី ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមកូនស្រី ប៉ីប៉ីលី ទុករឿងអតីតកាល មួយអន្លើ និងខិតខំរួមគ្នា ធ្វើដំណើរឆ្ពោះទៅមុខដើម្បីសេចក្តីសុខរបស់ជាតិ និងការរីកចំរើនក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិ»៕/V-PC