ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រទេសកាតាបានដឹកជំនួយមនុស្សធម៌ប្រមាណ៤០តោនចូលស៊ូដង់និងបានដឹកអ្នកភៀសខ្លួន១៥០នាក់ចេញវិញកាលពីថ្ងៃសៅរ៍ នៅពេលការប្រយុទ្ធគ្នានៅបន្តរវាងកងកម្លាំងរបស់ឧត្តមសេនីយ៍ពីរនាក់ដែលកំពុងដណ្តើមគ្នាគ្រប់គ្រងទឹកដីនៅក្នុងប្រទេសអាហ្វ្រិកនេះ។
យន្តហោះC-17 Globemasterរបស់កងទ័ពអាកាសកាតា បានចុះចតនៅទីក្រុងកំពង់ផែព័រស៊ូដង់(Port Sudan)ចម្ងាយប្រមាណ៦៧០គីឡូម៉ែត្រពីរដ្ឋធានីកាទុំ ដែលកំពុងកើតមានការប្រយុទ្ធគ្នា។
ទីក្រុងកំពង់ផែនេះបានរួចផុតពីការប្រយុទ្ធគ្នានិងក្លាយជាចំណុចសុវត្ថិភាពសំរាប់ជម្លៀសមនុស្សចេញ ទាំងតាមផ្លូវអាកាសនិងតាមនាវាកាត់សមុទ្រក្រហមឆ្ពោះទៅកាន់ទីក្រុងចេដា អារ៉ាប៊ីសាអូឌីត។
ជនត្រូវជម្លៀស ជិះយន្តហោះ C-17 របស់ក្រុមហ៊ុនអាកាសចរណ៍កាតា។ពួកគេខ្លះបាននិយាយប្រាប់អ្នកសារព័ត៌មានអំពីការភ័យខ្លាចជាខ្លាំងក្នុងពេលព្យាយាមចាកចេញពីទីក្រុងកាទុំមកកាន់ព្រលានយន្តហោះនៅព័រស៊ូដង់។
ជម្លោះបានចាប់ផ្តើមកាលពីថ្ងៃ១៥មេសា ក្រោយកើតមានភាពតានតឹងរាប់ខែរវាងកងទ័ពរបស់ឧត្តមសេនីយ៍ អាប់ដែល ហ្វាតតា បឺហាននិងក្រុមជីវពលRSF ដឹកនាំដោយឧត្តមសេនីយ៍ ម៉ូហាម៉េដ ហាមដាន ដាហ្កាឡូ ។ការប្រយុទ្ធគ្នាបានប្រែក្លាយតំបន់ទីក្រុងទៅជាសមរភូមិ នៅពេលរដ្ឋាភិបាលបរទេសប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់គេនិងជនបរទេសរាប់ពាន់នាក់ចេញ។
ទោះជាភាគីទាំងពីប្រកាសបទឈប់បាញ់និងបន្តការផ្អាកការប្រយុទ្ធគ្នា ក៏ពួកគេបានគោរពកិច្ចព្រមព្រៀងតិចណាស់ហើយការប្រយុទ្ធគ្នាត្រូវបានរាយការណ៍ថាមានជាបន្ត។កាតាពីមុនធ្លាប់រៀបចំកិច្ចពិភាក្សារកសន្តិភាពនៅស៊ូដង់រវាងភាគីធ្វើសង្គ្រាមនឹងគ្នានៅតំបន់ដាហ្វួររបស់ស៊ូដង់ ព្រមទាំងរវាងស៊ូដង់និងប្រទេសស៊ូដង់ខាងត្បូង៕
អ្នកត្រូវជម្លៀសចេញពីស៊ូដង់បានចុះពីយន្តហោះC-17 Globemasterរបស់កាតានៅមូលដ្ឋានទ័ពអាកាសកាតាមួយ កាលពីថ្ងៃសៅរ៍ទី៦ឧសភា