ដោយៈ គង់ហេង/ កំពង់ចាម៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយ ខ្សែប្រវែង ១.៣០០ ម៉ែត្រ មានតម្លៃសរុបជិតមួយលានដុល្លារ នៅស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី ៦ ឧសភានេះ។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋថាៈ ផ្លូវក្រាលកៅស៊ូប្រភេទឌីប៊ីអេសធី(DBST)មួយខ្សែឆ្លងកាត់ភូមិដូនដុំ និងភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ ដែលយើងបើកការដ្ឋានស្ថាបនានាថ្ងៃនេះគឺជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានតម្លៃសរុប ៣.០០០លានរៀល ស្មើប្រមាណ ៧៥ម៉ឺន ដុល្លារអាមេរិក ជាផ្លូវមានសង់ប្រព័ន្ធលូអមសងខាងតែម្តង។
លោក អួត ឈាងលី អភិបាលស្រុកជើងព្រៃបានប្រាប់ឱ្យដឹងតាមរយៈរបាយការណ៍ស្វាគមន៍ថាៈ បច្ចុប្បន្នស្រុកជើងព្រៃមានផ្លូវសរុបចំនួន ២៣៩ ខ្សែ ក្នុងនោះផ្លូវដីសមានចំនួន ៧៨ ខ្សែ,ផ្លូវក្រួសក្រហមចំនួន ១១៩ ខ្សែ,ផ្លូវបេតុងចំនួន ៣២ ខ្សែ និងផ្លូវកៅស៊ូចំនួន ១០ខ្សែ។ ដោយឡែកផ្លូវកៅស៊ូដែលបើកការដ្ឋានស្ថាបនានៅថ្ងៃនេះជាផ្លូវដ៏សំខាន់មួយ ក្នុងចំណោមផ្លូវដទៃទៀត គឺបម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូនកសិផលកសិកម្ម នារដូវវស្សា របស់ពលរដ្ឋស្រុកជើងព្រៃ,ស្រុកព្រៃឈរ,ស្រុកកងមាស និងស្រុកបាធាយ៕/PC