ប្រែសម្រួលៈបំណង(VNExpress)៖វៀតណាមខាងជើងនិងកណ្តាលកំពុងជួបអាកាសធាតុក្តៅខ្លាំង ដោយកន្លែងខ្លះសីតុណ្ហភាពឡើងដល់៤៣អង្សាសេនៅថ្ងៃសៅរ៍ទី៦ឧសភានេះ។
ដោយសារផលនៃតំបន់សម្ពាធទាបមួយចាប់ពីខាងលិចរួមជាមួយបាតុភូតអាកាសធាតុក្តៅស្ងួតហ្វឺន( Foehn)នៅបីថ្ងៃមកនេះ តំបន់ខាងជើងនិងកណ្តាលប្រទេសវៀតណាមបាននិងកំពុងជួបកំដៅខ្ពស់។ អាជ្ញាធរក្នុងទីក្រុងនិងខេត្តចំនួន១៥ បានកត់ត្រាឃើញថាតំបន់របស់ពួកគេមានសីតុណ្ហភាព៣៩ទៅ៤៣អង្សាសេ។
សីតុណ្ហភាពខ្ពស់ជាងគេគឺនៅក្នុងខេត្តង៉េអាន(Nghe An)ភាគកណ្តាលឈៀងខាងជើង ដោយសីតុណ្ហភាពនៅទីនោះឡើងដល់៤៣អង្សាសេ និងក្នុងខេត្តសុនឡា(Son La)ភាគពាយព្យមានសីតុណ្ហភាព៤២អង្សាសេ។
ស្ថានីយអាកាសធាតុក្រុងហាណូយបានកត់ត្រាឃើញអាកាសធាតុនៅទីនោះមានពី៣៥ទៅ៣៧អង្សាសេ ។
ក្នុងពេលជាមួយគ្នា មជ្ឈមណ្ឌលឧតុនិយមជាតិវៀតណាមបានព្យាករណ៍ថា តំបន់ពាយព្យនិងតំបន់ចាប់ពីខេត្តថាញ់ហ័រ( Thanh Hoa)ទៅដល់ភូយ៉េន(Phu Yen)នៅឆ្នេរកណ្តាលសីតុណ្ហភាពនឹងឡើងដល់៣៧ទៅ៤១អង្សាសេនៅថ្ងៃសៅរ៍ មុនពេលវាធ្លាក់ចុះបន្តិចវិញនៅថ្ងៃអាទិត្យ។
តំបន់រយៈកំពស់ខ្ពស់ដូចជាសាប៉ានឹងមានសីតុណ្ហភាព១៨ទៅ២៩អង្សាសេនៅចុងសប្តាហ៍ មុនធ្លាក់មកនៅ១៧ទៅ២១អង្សាសេនៅថ្ងៃចន្ទ។
វៀតណាមខាងត្បូងនិងខ្ពង់រាបកណ្តាលក៏ឡើងកំដៅ ដោយសីតុណ្ហភាពនឹងមានពី៣៥ទៅ៣៧អង្សាសេនៅថ្ងៃសៅរ៍ តែចាប់ពីថ្ងៃ៧ដល់១២ឧសភា អាកាសធាតុនឹងមានភ្លៀង។
វៀតណាមខាងជើងនិងកណ្តាលត្រូវរំពឹងថាជួបអាកាសធាតុក្តៅឡើងនិងមានភ្លៀងតិច តែព្យុះច្រើនដោយសារតែផលនៃបាតុភូតអាកាសធាតុអែល នីណូ(El Nino)៕
អ្នកដំណើរវៀតណាមពាក់សម្លៀកបំពាក់ការពារកំដៅពេលធ្វើដំណើរក្រោយកំដៅថ្ងៃក្នុងខែឧសភា