ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ថ្មីៗនេះអតីតមន្ត្រីនិងសកម្មជនក្រុមប្រឆាំងចំនួន១០នាក់ដែលកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសបានចេញវិដេអូ និងធ្វើលិខិតសុំទោសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានិងបានសារភាពកំហុសរបស់ពួកគេដែលជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ។

អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំងនេះរួមមានដូចជា ១. លោក គង់ ម៉ាស់, ២.លោក វ៉ន សាវណ្ណ, ៣.លោក ធុយ វី, ៤.លោក ឆុន ប៊ុនឆាត, ៥.លោក ឧ រឹម, ៦.លោក ចាន់ សារ៉ាត់, ៧.លោក ណុប វ៉ុន, ៨.លោក ប៉េង សុខា, ៩.លោក វ៉ន ឡេង និង១០.លោក សាន សៅរី ។

សូមជម្រាបថា អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់នេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់,ញុះញង់បង្កអសន្តិសុខសង្គមរួមទាំងបទល្មើសមួយចំនួនទៀតជុំវិញផែនការប្រកាសវិលត្រឡប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក។

បើតាមលិខិតសុំទោសរបស់ លោក គង់ ម៉ាស់ បានឱ្យដឹងថា ក្រោយពីអនុវត្តទោសក្នុងពន្ធនាគារដែលតុលាការបាន ផ្តន្ទាទោសដល់រូបលោករយៈពេល៥ឆ្នាំគឺលោកមានការភ្ញាក់រលឹកដឹងខ្លួនថាចាញ់បោកការឃោសនាបោកបញ្ឆោតរបស់មេដឹកនាំគណបក្សប្រឆាំង ដែលពេលនេះមិនមាននរណាមានវត្តមាននៅកម្ពុជាដូចការសន្យានោះឡើយ។ លោក គង់ ម៉ាស់សម្តែងការសោកស្តាយចំពោះទង្វើដែលខ្លួនប្រព្រឹត្តតាមមនោគមន៍វិជ្ជារបស់មេដឹកនាំក្រុមប្រឆាំងនិងបានស្នើសុំការ សន្ដោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ដើម្បីរូបគេបាននៅក្រៅឃុំ។

សូមបញ្ជាក់ថាមួយរយៈចុងក្រោយនេះមានសកម្មជនក្រុមប្រឆាំងជាច្រើនបានសម្រេចចិត្តចាកចេញហើយមកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕សរន