ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ខ្មាន់កាំភ្លើងម្នាក់បានបាញ់មនុស្សជាច្រើននាក់នៅផ្សារមួយនៅសង្កាត់អាល់ឡិន(Allen)ជាយទីក្រុងដាឡាស ក្នុងរដ្ឋតិចសាស់សហរដ្ឋអាម៉េរិកកាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សមួយចំនួននិងបញ្ជូនអ្នកដើរផ្សាររាប់រយនាក់រត់ភៀសខ្លួនទាំងភិតភ័យ នៅក្នុងអំពើហិង្សាដោយកាំភ្លើងចុងក្រោយបំផុតនៅអាម៉េរិក។
សាក្សីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានAPថា ពួកគេបានឃើញជនរងគ្រោះជាច្រើននាក់ ដោយខ្លះទំនងជាកូនក្មេង និងថាប៉ូលីសម្នាក់និងសន្តិសុខផ្សារម្នាក់ទំនងជាត្រូវគ្រាប់ដួលសន្លប់នៅលើដី។
ប៉ូលីសសង្កាត់អាល់ឡិនបានសរសេរបង្ហោះក្នុងហ្វេសប៊ុកថា ជនរងគ្រោះប្រាំបួននាក់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ តែស្ថានភាពរបួសរបស់គេនៅមិនទាន់ដឹងថាយ៉ាងណានៅឡើយទេ។
នាយប៉ូលីសម្នាក់បានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានស្លាប់ហើយទំនងជាមិនមានអ្នកដទៃទៀតចូលរួមក្នុងការវាយប្រហារនេះទេ។
ប៉ូលីសសង្កាត់អាល់ឡិន បានទៅដល់កន្លែងកើតហេតុក្រោយការបាញ់ប្រហារនៅប្រមាណជាម៉ោង៣និង៣៦នាទីរសៀលថ្ងៃសៅរ៍
ប្រជាជនលើកដៃនៅពេលពួកគេចាកចេញអាគារផ្សារដែលមានការបាញ់ប្រហារ
មុននេះកាលពីថ្ងៃសៅរ៍ផងដែរ ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ត្រូវបានសម្លាប់និងប្រាំនាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយនៅពិធីជប់លៀងមួយនៅក្បែរវិទ្យាល័យមួយក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងជើង។ជនរងគ្រោះទាំងអស់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ និងក្មេងស្រីអាយុ១៧ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យ៕
ប៉ូលីសនៅកន្លែងបាញ់ប្រហារនៅកាលីហ្វ័រញ៉ាកាលពីថ្ងៃសៅរ៍