ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៦ ឧសភា ម្សិលមិញនេះ សហព័ន្ធការ៉ាតេ ពិភពលោក បានផ្ដល់នូវសញ្ញាប័ត្រខ្សែក្រវាត់ខ្មៅ៩ដាន់ ដល់លោកឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានខេមរសហព័ន្ធកីឡាការ៉ាតេកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថាៈ លោកពិតជាមានកិត្តិយស និងសេចក្តីរំភើប យ៉ាងក្រៃលែង ដោយបានទទួលនូវសញ្ញាបត្រដាន់ កម្រិត ៩ ដាន់ ពីសហព័ន្ធ ការ៉ាតេពិភពលោក ។ ការផ្តល់នូវសញ្ញាបត្រដាន់, កម្រិត៩ដាន់នេះ បង្ហាញពីការជឿទុកចិត្ត របស់សហព័ន្ធការ៉ាតេពិភពលោក ចំពោះរូបលោក ក៏ដូចជាឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងសហព័ន្ធការ៉ាតេពិភពលោក និងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ។
លោកបានបន្តថាៈ សម្រាប់រូបលោក ការ៉ាតេ មិនត្រឹមតែជាកីឡា ឬជាចំណង់ចំណូល ចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាមាគ៌ា និង បែបផែននៃការរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យលោក ប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវវិន័យ, ភាពម៉ត់ចត់, ភាពច្បាស់លាស់, ភាពអំណត់ ការតស៊ូ ការអប់រំ និងការលត់ដំ ទាំងផ្លូវកាយ និង ផ្លូវចិត្តជាប់ជាប្រចាំ រៀងរហូតមក ពោលគឺការ៉ាតេ បានក្លាយទៅជាមាគ៌ាដ៏រឹងមាំ, ជាអភិក្រមដ៏ត្រឹមត្រូវ និងជាប្រទីបដ៏ភ្លឺស្វាងរបស់លោក ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លា ជូនជាតិ និង ប្រជាជនកម្ពុជា។
លោកបានបន្ថែមថាៈ ការ៉ាតេ បានបង្រៀនលោក នូវមេរៀនជាច្រើនដ៏មានតម្លៃ ទាំងក្នុងជីវិតផ្ទាល់ខ្លួន និង ក្នុងបរិបទការងារ ជាអាទិ៍ ៖ ការផ្តល់តម្លៃ ការស្វែងយល់ ការយោគយល់, ចំណងមិត្តភាព, ទំនាក់ទំនងល្អ, កិច្ចសហប្រតិបត្តិការ និង ការរក្សាភាពថ្លៃថ្នូរ, ក្នុងនាមជាអត្តពលិកម្នាក់ ។ ការ៉ាតេក៏បានអប់រំ និង លត់ដំកម្លាំងកាយ-ចិត្តរបស់លោក ឱ្យមានភាពរឹងមាំ, ភាពស្វាហាប់ និង ភាពធន់ខ្ពស់ ចំពោះ រាល់ឧបសគ្គ និង ការលំបាក ទាំងឡាយ ។
សញ្ញាប័ត្រកម្រិតខ្សែក្រវាត់ខ្មៅ៩ដាន់ របស់សហព័ន្ធការ៉ាតេពិភពលោក ត្រូវបានប្រគល់ដោយលោក Antonio Espinos ប្រធានសហព័ន្ធការ៉ាតេ ពិភពលោក (WKF) ដោយមានការចូលរួមពីអនុប្រធានសហព័ន្ធការ៉ាតេអាស៊ី (AKF) និងប្រធានសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍ (SEAKF) ផងដែរ៕ V / N