ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖នៅក្នុងសប្តាហ៍នេះមានព្រឹត្តិការណ៍ជាតិសំខាន់ៗជាច្រើនក្នុងនោះពិធីបើកព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាព្រឹត្តិការណ៍សំខាន់លេចធ្លោជាងគេ។
១- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ បន្តអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសបន្ថែម មកកាន់កម្ពុជា
កាលពីថ្ងៃទី១ ខែឧសភា ត្រូវនឹងថ្ងៃប្រារព្ធខួបទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំនៅកំពង់ផែក្រុងព្រះសីហនុ។ ក្នុងឱកាសនេះ សម្តេចតេជោ បានណែនាំឱ្យថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញញ្ជូន ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភាគីជប៉ុនបន្តរួមគ្នាយកចិត្តទុកដាក់អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុដោយធ្វើការសាងសង់ចំណតកំពង់ផែកុងតឺន័រកែប្រែជម្រៅទឹកឱ្យបានជ្រៅភ្ជាប់ជាមួយនឹងការកសាងតំបន់សេដ្ឋកិច្ចពិសេសនៅជិតកំពង់ផែស្វ័យតនេះតែម្តង ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសបន្ថែម មកកាន់កម្ពុជា។
២- សម្តេចតេជោ ហ៊ុន សែន៖ ការគោរពសិទ្ធិមនុស្សនិងការគោរពសិទ្ធិកម្មករត្រូវធ្វើ៣៦៥ថ្ងៃមិនមែនធ្វើតែមួយថ្ងៃ
នោះទេ
ក្នុងពិធីជួបជុំ នៅកំពង់ផែក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១ឧសភា ត្រូវនឹងថ្ងៃប្រារព្ធខួបទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងអបអរសាទរចំពោះម្មករកម្មការិនី ដែលកំពុងមានការងារធ្វើ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធហើយរាជរដ្ឋាភិបាលនឹងប្រឹងប្រែងថែមទៀតដើម្បីដោះស្រាយការងារធ្វើឲ្យកម្មករកម្មការិនី តាមរយៈនៃការទាក់ទាញវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឲ្យបានច្រើន។ សូម្បីតែទីផ្សារការងារនៅក្រៅប្រទេស ក៏រាជរដ្ឋាភិបាល ប្រឹងប្រែងរកផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ការគោរពសិទ្ធិមនុស្ស និងការគោរពសិទ្ធិកម្មករ ត្រូវធ្វើ ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ ដោយមិនមែនធ្វើតែមួយថ្ងៃនោះទេ។
៣- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យទូរទស្សន៍ជាតិ ផ្សាយគ្រប់ការប្រកួតកីឡាស៊ីហ្គេមឱ្យបានផុសផុល
ក្នុងពិធីជួបជុំ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១ឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍មិនពេញចិត្តនិងខកចិត្តជាខ្លាំងចំពោះទូរទស្សន៍ជាតិកម្ពុជាដែលមិនបានផ្សាយផ្ទាល់គ្រប់ការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចចង់ឲ្យស៊ីហ្គេម ក្លាយជាថ្ងៃបុណ្យ សម្រាប់ប្រទេស ជាការអបអរសាទរ និងជាមោទកភាព សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដោយមិនត្រូវទុកឲ្យមានភាពស្ងប់ស្ងាត់នោះទេ។ ត្រង់ចំណុចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំទៅអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ត្រូវរៀបចំផ្សព្វផ្សាយកីឡាគ្រប់ប្រភេទនៃព្រឹត្តិការណ៍ស៊ីហ្គេមឱ្យខាងតែបាន ដោយមិនចាំបាច់ទាល់តែមានការប្រកួតរវាងកម្ពុជា និងបរទេសនោះទេ ទើបទូរទស្សន៍ជាតិកម្ពុជា ផ្សាយផ្ទាល់។ បើមិនរៀបចំផ្សាយពេលនេះទេ សម្តេចតេជោ ព្រមានថា សម្តេច នឹងដកតំណែងអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ជាមិនខាន។
៤- អង្គការពុទ្ធសាសនិកពិភពលោក ជូនគោរមងារកិត្តិយសជូនសម្តេចតេជោហ៊ុនសែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត
សមាជិកក្រុមប្រឹក្សាភិបាលអង្គការពុទ្ធសានាពិភពលោក នៅថ្ងៃទី២ឧសភា បានផ្តល់ជូនគោរមងារ «ពុទ្ធមាមកាភិបាល» និង «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ និងសាមគ្គីភាព» ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសារតែការលះបង់របស់សម្ដេចចំពោះជាតិ ប្រជាជន និងពុទ្ធសាសនា នៅប្រទេសកម្ពុជា។ ចំណែកលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ទទួលបានគោរមងារពីអង្គការពុទ្ធសាសនាពិភពលោកផងដែរ។ គោរមងារ «ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំកំពូល ទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថមទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្ដុងឧត្តម តាមរយៈព្រះពុទ្ធសាសនា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។
៥-សម្ដេចតេជោ អំពាវនាវឱ្យអ្នកសារព័ត៌មាន គោរពក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការរាយការណ៍ព័ត៌មាន រាប់ទំាងការរាយការណ៍ពីព្រឹត្តិការណ៍ស៊ីហ្គេម
នៅក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី៣០ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈក្នុងការរាយការណ៍ព័ត៌មានរាប់ទំាងការរាយការណ៍អំពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះពេលនេះផងដែរ។ ទន្ទឹមនឹងការអំពាវនាវ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់នូវជំហររបស់រាជរដ្ឋាភិបាលសាជាថ្មីថា គឺបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពី របបសារព័ត៌មានផងដែរ។
៦- ប្រធានរដ្ឋឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅកម្ពុជា
ប្រធានរដ្ឋប្រទេសឡាវ លោក ថងលុន ស៊ីសុលីត បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល ៣ថ្ងៃ នាថ្ងៃទី៤ ខែឧសភា។ នៅពេលមកដល់ភ្នំពេញ លោកប្រធានរដ្ឋឡាវ បានអញ្ជើញក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា និងអញ្ជើញពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមទាំងជួបទ្វេភាគីជាមួយសម្តេចប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជាផងដែរ។ បន្ថែមលើសពីនេះ នៅល្ងាចថ្ងៃទី៥ ខែឧសភា លោកប្រធានរដ្ឋឡាវ និងសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិ មរតតេជោ ផងដែរ។
៧- ពិធីដង្ហែបុណ្យវិសាខបូជា ប្រារព្ធឡើងនៅរមណីយដ្ឋានវត្តភ្នំ
ពិធីដង្ហែពុទ្ធអង្គបានធ្វើឡើង នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជា កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ត្រូវនឹងថ្ងៃ១៥កើត ខែពិសាខ។ ពិធីដង្ហែបុណ្យវិសាខបូជានេះ បានចេញពីវត្តវិមានតេជៈ ហៅវត្តស្រះចក ឆ្ពោះទៅកាន់រមណីយដ្ឋានវត្តភ្នំ ដោយមានការចូលរួមពីសំណាក់ពុទ្ធសាសនិកយ៉ាងច្រើនកុះករ។ ក្រៅពីនេះ វត្តអារាមនៅទូទាំងប្រទេស ក៏បានប្រារព្ធពិធីបុណ្យវិសាខបូជា ដែលរម្លឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ ត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន នាថ្ងៃ១៥កើត ខែពិសាខនេះ។
៨-ត្រឹមថ្ងៃទី៦ឧសភា កម្ពុជា ទទួលមេដាយច្រើនជាងគេ ៤១គ្រឿង ក្នុងការប្រកួតស៊ីហ្គេម
នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គិតត្រឹមថ្ងៃទី៦ ខែឧសភា កម្ពុជា បន្តឈរនៅលេខរៀងទី១ ក្នុងចំណោម ១១ប្រទេស ដោយកម្ពុជា ទទួលបានមេដាយច្រើនជាងគេ រហូតដល់ចំនួន ៤១គ្រឿងហើយ។ក្នុងនោះមានមេដាយមាស១៩គ្រឿង ប្រាក់១១គ្រឿងនិងសំរឹទ្ធ១១គ្រឿង
សរុប៤១គ្រឿង។ការប្រកួតស៊ីហ្គេម នឹងបន្តរហូតដល់ថ្ងៃទី១៦ឧសភា ហើយនៅថ្ងៃទី១៧ឧសភា កម្ពុជានឹងរៀបចំពិធីបិទស៊ីហ្គេម នៅកន្លែងបើកព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន នាពហុកីឡដ្ឋាមរតកតេជោ។
៩- កម្ពុជា រៀបចំពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣
កាលពីយប់ថ្ងៃទី៥ ខែឧសភា កម្ពុជា បានរៀបចំពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ យ៉ាងមហោឡារឹកនៅពហុកីឡដ្ឋានជាតិមរតកតេជោ ឬស្តាតថ្មី មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ព្រមទាំងមហាជនរាប់ម៉ឺននាក់ ឡើងពេញស្តាត។ មុនដល់ពិធីព្យុះហយាត្រា ដង្ហែក្បួនកីឡាប្រទេសទាំង ១១ ដែលចូលរួមស៊ីហ្គេម ពេលនេះ ក៏មានពិធីសម្តែងទស្សនីយភាព រួមទាំងការបញ្ចាំងភ្លើងយ៉ាងស្រស់ស្អាត នៅទីលានបាល់ទាត់ ក្នុងស្តាតថ្មីនេះ។ កីឡាករឆ្នើមៗរបស់កម្ពុជាច្រើនរូប បានរត់ភ្លើងគប់បណ្តាក់គ្នា មុននឹងដុតភ្លើងគុបធំ បំភ្លឺ ដែលជាការប្រកាសបើកព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ស៊ីហ្គេម នៅកម្ពុជា។
១០-គ.ជ.ប ទទួលពាក្យស្នើសុំចុះឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ ចំនួន ១៤គណបក្សហើយ
គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានប្រកាសថា មានគណបក្សនយោបាយ ចំនួន ១៤ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ គណបក្ស ៨ហើយ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្ស ចំនួន ៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្ស ៦ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យ។ ការដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕សរន / N