ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដូច្នេះក្មួយៗ ប្រើប្រាស់តម្រូវការរបស់ខ្លួន ទៅតាមសមត្ថភាព ព្រោះចំណេះដឹង ដែលបានមកពីលោកគ្រូ អ្នកគ្រូ ក្នុងការជួយ បណ្ដុះបណ្តាល ផ្តល់បទពិសោធន៍ ដល់សិស្ស និស្សិត នាពេលនេះ មិនអាចកាត់ ផ្តាច់ ពីឪពុកម្តាយ អាណាព្យាបាល ក្រុមគ្រួសារដែលបានលះបង់ ឱ្យក្មួយៗទទួល បានការសិក្សា ទទួល បាននូវចំណេះដឹងថ្មីៗ នេះជាគោលនយោបាយ បើកទូលាយ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំរបស់ រដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្រោមពាក្យស្លោក “អ្នកចេះជួយ បង្រៀនអ្នកចេះតិច អ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះ” “ហើយអ្នកចេះ គឺជាប់” ។
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ដូច្នេះ នៅពេលដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ និងបរិញ្ញា បត្ររង ជូនដល់និស្សិតសាកលវិទ្យាល័យអង្គរខេមរា នៅសណ្ឋាគារ ផាមរីវ៉ើ ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៣ ដែលមាននិស្សិតចូលរួមប្រមាណ ២៨៨ នាក់។
លោកបានបន្តទៀតថាៈ ដើម្បីបំពេញតម្រូវការរបស់សិស្ស និសិ្សតជ្រើសរើស មុខវិជ្ជាឯកទេសសិក្សាណាមួយ ដែលខ្លួនពេញចិត្ត នេះសបញ្ជាក់ឲ្យឃើញថា ជាល្បឿននៃការរីចំរើន របស់គ្រឹះស្ថានសិក្សាឯកជន ដែលពីមួយឆ្នាំទៅមួយឆ្នាំ បានបោះជំហ៊ានទៅមុខជានិច្ច ក្នុងការរួមចំណែកពង្រឹងគុណភាពលើ វិស័យអប់រំ។
លោកបានបន្តទៀតថាៈ ថ្ងៃនេះ យើងក៏បានរៀបចំ ពិធីប្រគល់សញ្ញាបត្រជូននិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង នៃសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តកំពង់ស្ពឺ ចំនួន ២៨៨នាក់ ស្រី១៧៤នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រ មានចំនួន ២៧០នាក់ និងបរិញ្ញាបត្ររង ចំនួន ១៨នាក់ ហើយខ្ញុំក៏សូមចូលរួម អបអរសាទរ ជូនចំពោះនិសិ្សតដែលទទួលបានជ័យលាភីថ្ងៃនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក វ៉ី សំណាង ក៏សូមធ្វើការផ្ដាំផ្ញើដល់លោក លោកស្រី ដែលជាសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្ត្រាចារ្យ ដែលមានភារកិច្ច ក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាបង្ហាត់បង្រៀន ដល់សិស្សនិស្សិត សូមមេត្តាយកចិត្ត ទុកដាក់ ក្នុងការបង្ហាត់បង្រៀនដល់សិស្សនិសិ្សត ប្រកបដោយមនសិកាវិជ្ជាជីវៈ និងក្រមសីលធម៌ ជាគ្រូបង្រៀន ដែលមានសេចក្ដីថ្លៃថ្នូរ។
ចំពោះសិស្ស និស្សិត ក៏ត្រូវចេះគោរពប្រតិបត្តិលោកគ្រូ អ្នកគ្រូ និងខិតខំក្រេបយក ចំណេះដឹង ដែលទទួលបានពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូ ដើម្បីជាដើម ទុនទៅថ្ងៃអនាគត ដែលនៅលើសកលលោក យើងនេះ ប្អូនៗ ក្មួយៗសិស្សនិសិ្សត ជ្រាបហើយថា ប្រទេសដែលអភិវឌ្ឍន៍ត្រូវការធនធានមនុស្ស ប្រកបដោយចំណេះដឹង និងវិជ្ជាជីវៈជំនាញ និងបទពិសោធន៍ សម្រាប់បំពេញការងារ ដែលមានជំនាញ ពិតប្រាកដ ដើម្បីឆ្លើយតបតាមតម្រូវការ ទីផ្សារការងារក្នុងខេត្ត ក៏ដូចជានៅទូទាំង ប្រទេស ដូច្នេះហើយ បើគ្មានចំណេះដឹងក្នុងខ្លួនទេ ប្អូនៗ ក្មួយៗ សិស្សនិសិ្សត ពិតជាមិនអាចចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបានឡើយ ដូច្នេះយើង ត្រូវខិតខំទាំងអស់គ្នា៕ V / N