ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពញាឮ អញ្ជើញចុះពិនិត្យការសាងសង់អគារសិក្សា ១ខ្នង មាន ៨បន្ទប់ ដែលជាអំណោយផ្ទាល់របស់លោក នៅអនុវិទ្យាល័យវិហារឃ្លាំងស្បែក ដោយសម្រេចការសាងសង់បានប្រមាណជា ៨១ ភាគរយ និងបានជួបសំណេះសំណាល ជាមួយនឹងគណៈចលនាកម្មករ-កម្មការិនី ស្រុកពញាឮ បងប្អូន កម្មករ-កម្មការិនីប្រចាំឃុំទាំង ១១ នាក់ និងតំណាងមណ្ឌលតាមបណ្តាភូមិទាំង ១៥៩ នាក់ នៃស្រុកពញាឮ ។ 

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ស្រុកពញឮ ខេត្តកណ្តាល រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃ ការសាងសង់ អគារសិក្សាមួយខ្នង មាន ៨បន្ទប់ តម្លៃ ១៤២.៧០០ ដុល្លារអាមេរិក នៅអនុវិទ្យាល័យវិហារឃ្លាំងស្បែក ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុក ពញាឮ ខេត្តកណ្តាល។ 

នៅក្នុងឱកាសខាងលើ លោករដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានទទួលយកនូវសំណូមពររបស់លោកគ្រូ អ្នកគ្រូ និងគណៈកម្មការ សាលា ដោយបានឧបត្ថម្ភបន្ថែម តុ កៅអី សម្រាប់អគារសិក្សាថ្មី នេះផងដែរ ។ អគារដែលជាអំណោយសប្បុរសធម៌ របស់លោករដ្ឋមន្ត្រីនេះ សម្រេចការសាងសង់ បានប្រមាណ ៨១ ភាគរយហើយ  ដោយគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែឧសភានេះ។ 

លោក លឹម គានហោ ក៏បានអញ្ជើញជួបធ្វើការ សំណេះសំណាល ជាមួយគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ បងប្អូន កម្មករ-កម្មការិនីប្រចាំឃុំទាំង ១១ នាក់ និងតំណាងមណ្ឌលតាមបណ្តាភូមិទាំង ១៥៩ នាក់ នៃស្រុកពញាឮ ៕ V / N