ដោយៈមុនីរ័ត្ន/ភ្នំពេញ៖នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២៣នេះគណបក្សភ្លើងទៀនបានទៅដាក់ពាក្យស្នើចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ប្រភពគ.ជ.បបានឱ្យដឹងថាការដាក់ពាក្យស្នើសុំចុះបញ្ជីរបស់គណបក្សភ្លើងទៀននេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២៣បានទទួលស្គាល់គណបក្សនេះនិងបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ក្នុងនោះមានលោក ទាវ វណ្ណុល ជាប្រធានគណបក្ស និងមានអាសយដ្ឋានទីស្នាក់ការកណ្ដាលបច្ចុប្បន្ននៅផ្ទះលេខ៣២០អឺសេរ៉ូ ផ្លូវលេខ១០ម៉ែត្រថ្មី (បុរីពិភពថ្មី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់ថាគណបក្សភ្លើងទៀនបានដាក់បេក្ខជនឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅគ្រប់ ២៥ រាជធានី-ខេត្ត ដែលមានបេក្ខជនពេញសិទ្ធិចំនួន ១២៥ រូប និងបំរុង ១២៥ រូប។
តាមនីតិវិធីក្រោយទទួលពាក្យស្នើសុំចុះបញ្ជីគណបក្សភ្លើងទៀនរួចគ.ជ.បនឹងធ្វើការត្រួតពិនិត្យនូវរាល់ឯកសាររបស់គណបក្សភ្លើងទៀន។ ប្រសិនជាមានចំណុចខ្វះចន្លោះ គ.ជ.ប នឹងស្នើសុំឱ្យគណបក្សនេះ ធ្វើការកែតម្រូវក្នុងរយៈពេល៥ ថ្ងៃ ប៉ុន្តែបើសិនជាត្រឹមត្រូវអស់ហើយនោះ គ.ជ.ប នឹងចេញសេចក្តីជូនដំណឹងទៅគណបក្សវិញ ហើយចេញសេចក្តីសម្រេចទទួលស្គាល់តែម្តង។
យោងតាម លទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៤ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្ស ចំនួន ៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៦ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ។
គណបក្សភ្លើងទៀនទៅចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧(រូបថត គ.ជ.ប)
បើតាមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា។
ដោយឡែនៅថ្ងៃទី ៩ ខែឧសភា គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈោ្មះ និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត៕សរន