ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២បន្ទាប់ពីប្រកួតយ៉ាងតឹងតែង ជាមួយក្រុមថៃ រហូតដល់ ៥សិត នាយប់ថ្ងៃទី៧ ឧសភា នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ។
កាលស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក៏កម្ពុជា បានទទួលជ័យជំនះលើ ក្រុមថៃដែរ។ តែជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមលើកទី៣២ នេះ ក្រុមភ្ញៀវថៃ បាននាំមុខក្រុមម្ចាស់ផ្ទះកម្ពុជា ២សិតមុន ដោយពិន្ទុ ២៥ទល់១៨ និង ២៥ទល់២១។
តែចាប់ពីសិតទី៣ ទៅក្រុមម្ចាស់ផ្ទះកម្ពុជា ប្ដូរឥរិយាបទប្រកួត ដោយវាយបកឈ្នះគូ ប្រកួត ៣សិតជាប់គ្នាវិញ ដោយពិន្ទុ ២៥ទល់២១, ២៥ទល់១៦ និងសិតកាត់ សេចក្ដី គឺកម្ពុជា បានយកឈ្នះថៃ ១៥ទល់១០ពិន្ទុ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រជា ប្រវត្តិសាស្ដ្រតែម្ដង ។
ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ ក្រុមឥណ្ឌូណេស៊ី បានយកឈ្នះក្រុម វៀតណាម ៣សិតទល់០ ក្នុងពិន្ទុ ៣០ទល់២៨, និង២៥ទល់១៨។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតនៅថ្ងៃទី៨ ឧសភានេះ វៀតណាម ត្រូវប្រកួត ជាមួយថៃ ដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្នុងខណៈដែលកម្ពុជា ប្រកួតជាមួយ ឥណ្ឌូណេស៊ី ដណ្ដើមមេដាយមាស។ សូមបញ្ជាក់ថា កាលជួបគ្នាក្នុងពូល កម្ពុជាចាញ់ឥណ្ឌូណេស៊ី០ទល់៣សិត។
សម្រាប់ប្រភេទកីឡាបាល់ទាត់វិញ ក្រុមកម្ពុជា ទំនងជាខកខាន ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តហើយ បន្ទាប់ពីចាញ់មីយ៉ាន់០ទល់២ នាយប់ថ្ងៃទី៧ឧសភានោះ។
នេះជាការចាញ់ដ៏អាក្រក់មួយ ព្រោះគ្រាន់តែនៅតង់ទី១ មីយ៉ាន់ម៉ា ស៊ីកម្ពុជាបាន ២ គ្រាប់ ដែលនេះជាគ្រាប់នៃជ័យជំនះតែម្ដង។
កម្ពុជា មានឱកាសដ៏តិចតួចបំផុត ក្នុងការទាត់បាល់បញ្ចូលទីរបស់មីយ៉ាន់ម៉ា។ ផ្ទុយទៅវិញ មីយ៉ាន់ម៉ា គ្រងបាល់បានច្រើន និងលេងបានយ៉ាងល្អ ទាំងខ្សែ ការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធ។
ពេលនេះ ៣ ប្រកួតរបស់កម្ពុជា មាន ៤ពិន្ទុ ដោយឈ្នះ ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត ចំពោះមីយ៉ាន់ម៉ា ៣ប្រកួត មាន៦ពិន្ទុដោយឈ្នះ២ ប្រកួត ចាញ់១ប្រកួត។ កម្ពុជា មានឱកាស ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទាល់តែឈ្នះ ឥណ្ឌូណេស៊ី នៅក្នុងការប្រកួតចុងក្រោយ។
សូមបញ្ជាក់ថា ការប្រកួតម្សិលមិញនេះដែរ ក្រុមឥណ្ឌូណេស៊ី ឈ្នះទីម័រខាងកើត ៣ទល់០។ ជ័យជំនះនេះ ធ្វើឲ្យឥណ្ឌូណេស៊ី៣ប្រកួត ឈ្នះទាំង ៣ប្រកួត មាន៩ពិន្ទុពេញ ចំពោះទីម័រខាងកើត ទើបតែមាន ៣ពិន្ទុប៉ុណ្ណោះ៕/V-PC