ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖មន្ត្រីខាងផ្តល់ជំនួយកំពូលរបស់អង្គការសហប្រជាជាតិបានស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យទី៧ឧសភាសម្រាប់ការចរចាបទឈប់បាញ់រវាងមេទ័ពដែលកំពុងប្រយុទ្ធគ្នារបស់ស៊ូដង់ ខណៈការព្រួយបារម្ភមានកាន់តែខ្លាំងឡើងចំពោះស្ថានភាពមនុស្សធម៌នៅដើមសប្តាហ៍ទីបួននៃការប្រយុទ្ធគ្នាដោយកាំភ្លើងនិងការវាយប្រហារតាមអាកាសក្នុងរដ្ឋធានីស៊ូដង់។
កិច្ចព្រមព្រៀងបទឈប់បាញ់ជាច្រើនត្រូវបានប្រកាស តែមិនចូលជាធរមាននោះឡើយ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ព និងកងជីវពលប្រដាប់អាវុធកាលពីថ្ងៃទី ១៥ ខែមេសា នៅក្នុងប្រទេសក្រីក្រដែលមានប្រវត្តិអស្ថិរភាពនយោបាយមួយនេះ។
ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញតាំងពីពេលនោះមកបានសម្លាប់មនុស្សរាប់រយនាក់ ដែលភាគច្រើនជាជនស៊ីវិល បង្ករបួសរាប់ពាន់នាក់ និងនាំឱ្យមានការព្រមានជាច្រើនអំពីវិបត្តិមនុស្សធម៌ “ដ៏មហន្តរាយ”។មនុស្សជាង ១០០.០០០ នាក់បានភៀសខ្លួនចេញពីប្រទេសរួចហើយ។
លោក អាម៉េដ អាល់ អាមីន (Ahmed al-Amin) ជាអ្នកស្រុកនៃស្រុកហាចយូស៊ីហ្វ (Haj Yousif) នៅភាគឦសានទីក្រុងកាទុំ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា គាត់បានឃើញយន្តហោះចម្បាំងហោះពីលើក្បាល ហើយឮសំឡេងផ្ទុះនិងសំឡេងកាំភ្លើងប្រឆាំងយន្តហោះ។
ឆ្លងសមុទ្រក្រហមនៅទីក្រុងជេដដា (Jeddah) ប្រទេសអារ៉ាប៊ីសាអូឌីតឯណោះវិញការពិភាក្សាកំពុងដំណើរការក្នុងបំណងឱ្យមានបទឈប់បាញ់ដែលអាចជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវបានឡោមព័ទ្ធ។
អ្នកដែលមិនអាចភៀសខ្លួនចេញបាន កំពុងប្រឈមនឹងការខ្វះខាតទឹក អាហារ ឱសថ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
អ.ស.បបាននិយាយថា សូម្បីតែមុនពេលសង្គ្រាមបានចាប់ផ្តើម ប្រហែលមួយភាគបីនៃប្រជាជនស៊ូដង់កំពុងត្រូវការជំនួយមនុស្សធម៌រួចទៅហើយ។
ការប្រយុទ្ធគ្នានេះបានឃើញ បុគ្គលិកជំនួយត្រូវបានសម្លាប់ មណ្ឌលសុខាភិបាលត្រូវបានវាយប្រហារ ហើយអ.ស.បព្យាករណ៍ថាចំនួនមនុស្សដែលជួបអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ូដង់អាចកើនឡើងពី ២ ទៅ ២,៥ លាននាក់ ប្រសិនបើសង្គ្រាមកាន់តែអូសបន្លាយ៕
សង្គ្រាមនៅតែបន្តនៅស៊ូដង់ ដែលរំខានដល់ការបញ្ជូនជំនួយ