ប្រែសម្រួលៈបំណង(អេសៀវ័ន)៖ប្រជាជនថៃបានតម្រៀបជួរកាលពីថ្ងៃអាទិត្យទី៧ឧសភា ដើម្បីបោះឆ្នោតដំណាក់កាលដំបូងៗសំរាប់ការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃ១៤ឧសភា។
ប្រជាជនថៃជាងពីរលាននាក់ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត៥២លាននាក់បានចុះឈ្មោះសុំបោះឆ្នោតមុនកាលកំណត់ នេះបើតាមការអោយដឹងពីគណៈកម្មាធិការបោះឆ្នោតជាតិ។
ហ្គោសូល ពង់តាគូ(Gosol Pungtaku)វ័យ៥១ឆ្នាំ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកក្រុងបាងកក៨០០.០០០នាក់ដែលបានចុះឈ្មោះបោះឆ្នោតមុនកាលកំណត់សំរាប់ការបោះឆ្នោតតែមួយថ្ងៃនៅក្នុងទីក្រុងនេះ។អ្នកបោះឆ្នោតម្នាក់ទៀតអាយុ៣៤ឆ្នាំ ឈ្មោះស៊ីរិផន ណាមផេត(Siriporn Namphet)បាននិយាយថា នាងបោះឆ្នោតដើម្បីការផ្លាស់ប្តូរ។នាងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «វាដូចអ្វីដែលរដ្ឋាភិបាលមុនបានធ្វើ តែឥឡូវសង្ឃឹមថានឹងមានរដ្ឋាភិបាលថ្មីមួយដើម្បីដឹកនាំប្រទេសអោយមានប្រសិទ្ធភាពឡើង»។
ការបោះឆ្នោតនេះអាចកែប្រែស្ថានភាពជាក់ស្តែងបច្ចុប្បន្នក្រោយថៃស្ថិតនៅក្រោមរដ្ឋាភិបាលគាំទ្រយោធាអស់ជាងប្រាំបីឆ្នាំ ដឹកនាំដោយអតីតមេទ័ពប្រាយុទ្ធ ចាន់ អូចា។
ប្រាយុទ្ធ វ័យ៦៩ឆ្នាំ បានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលមួយនៅឆ្នាំ២០១៤ និងបានបន្តនៅក្នុងអំណាចក្រោយការបោះឆ្នោតឆ្នាំ២០១៩ដោយសារមានការជួយគាំទ្រពីព្រឹទ្ធសភាដែលសុទ្ធតែជាសមាសភាពយោធា។ឥឡូវលោកកំពុងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសំរាប់គណបក្សទើបបង្កើតថ្មីមួយ តែមានសម្លេងគាំទ្រនៅពីក្រោយបេក្ខជនរបស់បក្សប្រឆាំងធំៗសំរាប់ការដឹកនាំរដ្ឋាភិបាលបន្ទាប់ នេះបើតាមការស្ទង់មតិជាបន្តបន្ទាប់។
គណបក្សប្រឆាំងភឿថៃ កំពុងទទួលបានសម្លេងគាំទ្រនាំមុខគេ បន្ទាប់មកគឺគណបក្សប្រឆាំងរបស់ក្រុមយុវជន គឺគណបក្ស «បោះជំហានទៅមុខ»។
អ្នកក្រុងបាងកកកាលពីថ្ងៃអាទិត្យទី៧ឧសភា បានបោះឆ្នោតមុនកាលកំណត់សំរាប់ការបោះឆ្នោតសភាថ្ងៃ១៤ឧសភា
នៅថ្ងៃ១៤ឧសភាក្រៅពីបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ មេដឹកនាំប្រឆាំងម្នាក់ទៀតលោក ភីតា លីមចារឺនរ៉ាត(Pita Limjaroenrat)អាយុ៤២ឆ្នាំ កំពុងលេចឡើងជាបេក្ខជននាយករដ្ឋមន្ត្រីមានការពេញនិយមជាងគេផងដែរ នេះបើតាមការស្ទង់មតិមួយកាលពីថ្ងៃសុក្រទី៥ឧសភា ។
ភីតា លីមចារឺនរ៉ាត មេដឹកនាំគណបក្ស«បោះជំហានទៅមុខ»បាននាំមុខ ភែតងតាន ស៊ីណាវ៉ាត ដែលជាបេក្ខជននាំមុខគេនៃគណបក្សភឿថៃ។លោកទទួលបានការគាំទ្រ២៩,៣៧ភាគរយ នៅមុខបេក្ខជនភឿថៃ ដែលទទួលបាន២៧,៥៥ភាគរយ។
ការស្ទង់មតិមួយទៀតកាលពីថ្ងៃពុធក៏បង្ហាញថាលោក ភីតា មានសម្លេងគាំទ្រនាំមុខ ភែតងតាន ជាលើកដំបូងក្រោយពីបេក្ខជនភឿថៃដែលជាកូនរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនរូបនេះ តែងទទួលបានសម្លេងគាំទ្រនាំមុខក្នុងការស្ទង់មតិរាប់សិបលើកកន្លងមក៕
លោក ភីតា លីមចារឺនរ៉ាត ក្នុងយុទ្ធនាការរកសម្លេងមួយនៅក្រុងបាងកកកាលពីខែមុន
ភែតងតាន ធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ ក្រោយនាំមុខគេអស់រាប់ខែ