ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជា-វៀតណាម បានចុះអនុស្សរណៈនៃការយោគយល់ គ្នា ដើម្បីរួមគ្នាជំរុញទេសចរណ៍ ឆ្ពោះការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ កាន់តែប្រសើរ ក្រោយវិបត្តិកូវីដ១៩។

ការចុះអនុស្សរណៈនេះ បានធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដោយចុះហត្ថលេខា ដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅសណ្ឋាគារ សុខាភ្នំពេញ ស្របពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ៥-១៧ ខែឧសភា ឆ្នាំ២០២៣។

ការចុះអនុស្សរណៈយោគយល់នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំពិភាក្សា រវាងលោក ថោង ខុន និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេស វៀតណាម ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព អនុស្សរណៈយោគយល់គ្នា លើកិច្ចសហ ប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខា រវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥ កន្លងទៅ។

ក្នុងពិធីចុះហត្ថលេខានេះ លោករដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ រវាងកម្ពុជា និង វៀតណាម នៅពេលមុន និងអំឡុងវិបត្តិជំងឺកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រុមការងារ ទេសចរណ៍ នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចសហប្រតិបត្តិ ការអាស៊ាន។ ភាគីទាំងសងខាង បានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងការដោះស្រាយ ផលប៉ះពាល់ នៃជំងឺរាតត្បាតសកលនេះ មកលើវិស័យទេសចរណ៍។

ភាគីវៀតណាម បានអបអរសាទរដល់ភាគីកម្ពុជា ចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ពីថ្ងៃទី ០៥-១៧ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រកបដោយភាពរលូន និងភាពអស្ចារ្យ ជាពិសេសការរៀបចំភ្លើង នៅក្នុងពិធីបើក។

រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រ និងបន្តការខិតខំប្រឹងប្រែងជំរុញ ទេសចរណ៍ រវាងប្រទេសទាំងពីរ ស្របតាមស្មារតី នៃអនុស្សរណៈយោគយល់គ្នា ខាងលើ ដែលផ្តោតសំខាន់លើខ្លឹមសារ ដូចតទៅ៖

១. រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ ដោយមានការ ចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផល ទេសចរណ៍រួម ក្រោមក្របខណ្ឌ នៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរ ពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពី ប្រទេសទីបី ឲ្យមកទស្សនាប្រទេសទាំងពីរ ព្រមទាំងផ្ដោតសំខាន់លើការផ្លាស់ប្តូរ ព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សន កិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

២. បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង និងប្រកបដោយ ប្រសិទ្ធភាព ដើម្បីឲ្យសកម្មភាពទេសចរណ៍ រវាងប្រទេសទាំងពីរ ដំណើរការពេញ លេញឡើងវិញ តាមរយៈការរៀបចំរួមគ្នា នូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ច រវាងប្រតិបត្តិករទេសចរណ៍ នៃប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍ នៅប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសចរណ៍ អន្តរជាតិនានា ដែលអាចមានឱកាសរៀបចំបាន។

៣. ជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយឈរ លើសារៈសំខាន់ នៃការជំរុញការផ្លាស់ប្ដូរការអនុវត្តល្អៗ ក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ និយាយ ភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធីផ្លាស់ប្តូរ ការសិក្សារបស់សិស្ស និស្សិត។

៤. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង តាមរយៈវេទិកា វិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗ ការលើកកម្ពស់ការយល់ដឹង អំពីកាលានុវត្តភាព វិនិយោគ និងការសម្រួលដល់ដំណើរការ ក្នុងការវិនិយោគ ស្របទៅតាមច្បាប់របស់ ប្រទេសនីមួយៗ។

លោករដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ បានបង្ហាញការតាំងចិត្ត ក្នុងការបង្កើនកិច្ចសហការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាព រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ប្រកបដោយផ្លែផ្កា ក្រោមក្របខណ្ឌ នៃកិច្ចសហការទ្វេភាគី និងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក៏ដូចជាក្របខណ្ឌតំបន់ អាស៊ាន និងអនុតំបន់ផ្សេងៗទៀត។

លោករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាសិក្សាពីលទ្ធភាព ក្នុងបើកហោះហើរត្រង់ រវាងគោលដីទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាប អង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពត ទៅកំពង់ផែ ទេសចរណ៍ហ្វូគុក វៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍ រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ ក៏បានប្រគល់ភារកិច្ច ជូនមន្ត្រីបច្ចេកទេស ដើម្បីរៀបចំ និងអនុវត្តកម្មវិធីការងារ ដោយផ្អែកលើអនុស្សរណៈយោគយល់ថ្មី ខាងលើនេះ។

ភាគីវៀតណាម បានអញ្ជើញគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ទៅទស្សនកិច្ច ផ្លូវការ នៅប្រទេសវៀតណាម ដើម្បីចុះអនុស្សរៈយោគយល់គ្នា រវាងគណៈកម្មាធិការ ជាតិអូឡាំពិក ប្រទេសទាំង២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ទៅវិញទៅមក លើការគ្រប់គ្រងសហព័ន្ធកីឡាជាតិ និងវិស័យគ្រប់គ្រងព្រឹត្តិការណ៍កីឡា៕ V / N