ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមអ្នកប្រឆាំងរាជានិយមកាលពីថ្ងៃអាទិត្យទី៧ឧសភាបានរិះគន់ការចាប់ខ្លួនពីសំណាក់ប៉ូលីសនៅថ្ងៃឡើងគ្រងរាជ្យរបស់ស្តេចឆាលថា “លេងដៃធ្ងន់ៗ” ដោយនិយាយថាលែងមានសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធីក្នុងប្រទេសអង់គ្លេសទៀតហើយ បន្ទាប់ពីបាតុកររាប់សិបនាក់ត្រូវបានចាប់ខ្លួននិងឃុំខ្លួនពេញមួយយប់។
ប៉ូលិសបានចាប់ខ្លួនលោក ហ្គ្រាហាម ស្មីត (Graham Smith) មេដឹកនាំក្រុមសាធារណរដ្ឋ និងមនុស្សរាប់សិបនាក់ទៀតនៅកណ្តាលទីក្រុងឡុងដ៍ខណៈអ្នកគាំទ្ររាជវង្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរាជធានីសម្រាប់ព្រឹត្តិការណ៍នេះកាលពីថ្ងៃសៅរ៍ ដោយនិយាយថា កាតព្វកិច្ចរបស់ពួកគេក្នុងការទប់ស្កាត់ការរំខានមានលើសពីសិទ្ធិក្នុងការតវ៉ា។
ក្រុមសាធារណរដ្ឋបាននិយាយថា សមាជិកខ្លួនត្រូវបានដោះលែងនៅយប់ជ្រៅថ្ងៃសៅរ៍ បន្ទាប់ពីជាប់ឃុំជិត ១៦ ម៉ោង។
លោកស្មីតបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “នេះជាសកម្មភាពដៃធ្ងន់ៗ ដែលការចាប់ខ្លួនត្រូវបានកំណត់ទុកជាមុន ដែលនឹងកើតឡើងដោយមិនខ្វល់ពីភស្តុតាងឬសកម្មភាពរបស់យើងនោះឡើយ។ សិទ្ធិក្នុងការតវ៉ាដោយសន្តិវិធីនៅក្នុងចក្រភពអង់គ្លេសលែងមានទៀតហើយ”។
“ការចាប់ខ្លួនទាំងនេះមិនមែនដើម្បីការពារមនុស្សពីគ្រោះថ្នាក់នោះទេ ប៉ុន្តែដើម្បីការពារព្រះមហាក្សត្រពីក្តីអាម៉ាស់”។
ប៉ូលិសក្រុងឡុងដ៍បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ការចាប់ខ្លួនសរុបចំនួន ៦៤ នាក់ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍សម្រាប់បទល្មើស រួមមាន ការរំលោភលើសន្តិភាព និងការសមគំនិតដើម្បីបង្កការរំខានជាសាធារណៈ៕
មនុស្ស៦៤នាក់ត្រូវប៉ូលិសអង់គ្លេសចាប់ឃុំ១៦ម៉ោងនៅថ្ងៃស្តេចឆាលឡើងគ្រងរាជ្យ