ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ព្រះអង្គម្ចាស់ហារីបានចំណាយពេលត្រឹមតែជាង ២៨ ម៉ោងនៅចក្រភពអង់គ្លេសដើម្បីធ្វើជាសាក្សីក្នុងពិធីគ្រងរាជ្យរបស់ស្តេចឆាល ដែលជាបិតារបស់ទ្រង់ មុនពេលយាងត្រឡប់ទៅរដ្ឋកាលីហ្វ័រញ៉ាវិញសម្រាប់ពិធីខួបកំណើតលើកទី ៤ របស់បុត្រា អាឈី (Archie) ដែលមាននំក្រូចឆ្មាធ្វើដោយព្រះនាងមេហ្គាននិងភ្ញៀវកិត្តិយសដទៃទៀត។
ឌូកនៃស៊ូសសិច (Duke of Sussex) ព្រះជន្ម ៣៨ វស្សាអង្គនេះត្រូវគេប្រទះឃើញចាកចេញភ្លាមពីរាជដំណាក់វេសមីនស្ទើអាប់ប៊ី (Westminster Abbey)បន្ទាប់ពីចប់ពិធីឡើងគ្រងរាជ្យហើយបានឆ្ពោះទៅអាកាសយានដ្ឋានហ៊ីដស្រូ (Heathrow) តាមរថយន្តអគ្គិសនីពណ៌ខ្មៅ BMW។
ប្រភពបានអះអាងថា ព្រះនាងមេហ្គានបានសម្រេចព្រះទ័យរៀបចំពិធីខួបកំណើតនៅឯផ្ទះតម្លៃ ១១ លានផោនរបស់ពួកទ្រង់នៅទីក្រុងម៉ុងតេស៊ីតូ (Montecito) រដ្ឋកាលីហ្វ័រញ៉ា ពីព្រោះ “ទ្រង់មានអារម្មណ៍ថាវាមិនសមទំនងក្នុងការធ្វើអ្វីផ្សេង”។
ប្រភពស្និទ្ធនឹងគូស្នេហ៍រាជវង្សនេះបាននិយាយថា បុត្រអាឈីមានពិធីអបអរឯកជនមួយជាមួយនឹងនំក្រូចឆ្មាដែលដុតដោយដាច់ឆេសនៃស៊ូសសិច (Duchess of Sussex) ដោយប្រើផ្លែឈើពីសួនរបស់ពួកទ្រង់។
បិតាបុត្រពីរអង្គនេះបានរំលងចោលអាហារថ្ងៃត្រង់ក្រោយការឡើងគ្រងរាជ្យនៅរាជវាំងបាក់ឃីងហ៊ែម (Buckingham) បន្ទាប់ពីចប់ពិធី ខណៈប្រភពបាននិយាយថា ទ្រង់ “តែងតែតាំងចិត្តដើម្បីយាងត្រឡប់ទៅវិញឱ្យទាន់ពេលថ្ងៃខួបកំណើតរបស់អាឈីនៅផ្ទះ”។
ជីដូនរបស់អាឈី គឺលោកស្រី ដូរៀ រ៉ាកលែន (Doria Ragland) ក៏បានចូលរួមពិធីខួបកំណើតនេះក៏ដូចជាមិត្តជិតស្និទ្ធរបស់ព្រះនាងមេហ្គាន គឺអ្នកផាត់មុខ លោកស្រី វីកតូរៀ ជែកសុន (Victoria Jackson) អាយុ ៦៥ ឆ្នាំផងដែរ។
នៅពេលសួរថាតើភ្ញៀវក្នុងពិធីរួមមានអ្នកជិតខាងដូចជាលោកស្រី អប់ប្រា វីនហ្វ្រេ (Oprah Winfrey) ដែរឬទេ ប្រភពបាននិយាយថា “មិត្តភក្តិរបស់ពួកទ្រង់ខ្លះគឺជាតារាល្បី ដូច្នេះពិតណាស់ លោកស្រីទំនងជាមានវត្តមាន។ វានឹងក្លាយជាការជួបជុំគ្នាដ៏ស្និទ្ធស្នាល”៕
ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គានត្រឡប់ទៅផ្ទះនៅកាលីហ្វ័រញ៉ាភ្លាមដើម្បីធ្វើខួប៤ឆ្នាំរបស់អាឈី