ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ(Joko Widodo)កាលពីថ្ងៃចន្ទទី៨ឧសភាបានថ្កោលទោសការវាយប្រហារមួយនៅមីយ៉ាន់ម៉ាលើមន្ត្រីអាស៊ាន ដែលកំពុងដឹកជញ្ជូនជំនួយមនុស្សធម៌ តែលោកមិនបានផ្តល់ព័ត៌មានពិស្តារទេពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ។
រដ្ឋាភិបាលឯកភាពជាតិ ដែលជារដ្ឋាភិបាលស្រមោលរបស់ក្រុមប្រឆាំងនឹងអាជ្ញាធរយោធា ហើយមានទំនាក់ទំនងជាក្រុមជីវពលហៅថាកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជន(PDF)បាននិយាយថាខ្លួនមិនបានដឹងអំពីការវាយប្រហារណាមួយទេ។
ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅស្រុកទុងគ្យី(Taunggyi)នៅក្នុងរដ្ឋសានភាគឦសាន។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ
ព័ត៌មានអំពីការវាយប្រហារលើមន្ត្រីអាស៊ាននេះកើតឡើងក្រោយពីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះបានអះអាងថាចាប់តាំងពីដើមឆ្នាំ២០២៣មកខ្លួនបានធ្វើការទាក់ទងជាង៦០លើកជាមួយថៃ ចិនឥណ្ឌានិងអង្គការសហប្រជាជាតិស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា ព្រមទាំងជួបពិភាក្សាជាមួយភាគីសំខាន់ៗនៅមីយ៉ាន់ម៉ា ហើយក្នុងអំឡុងពេលជួបពិភាក្សានោះឥណ្ឌូនេស៊ីបានអំពាវនាវអោយបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះជាបន្ទាន់។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានប្រាប់សន្និសីទកាសែតមួយថា ការទាក់ទងបែបនេះមានសារសំខាន់ណាស់ដើម្បីស្ថាបនាទំនុកចិត្តនិងប្រើកិច្ចការទូតស្ងៀមស្ងាត់សំរាប់ជាគ្រឹះនៃកិច្ចការបន្ទាប់។ទោះជាយ៉ាងណាផែនការសន្តិភាពដែលសំរេចឡើងរវាងអាស៊ាននិងមេដឹកនាំមីយ៉ាន់ម៉ាតាំងពីឆ្នាំ២០២១សំរេចបានតិចតួចបំផុត៕