ដោយៈសុផល/ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានអំពាវនាវអ្នកគាំទ្រកម្ពុជាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជៀសវាងការបញ្ចេញសកម្មភាព ឬមតិយោបល់លើបណ្តាញសង្គម ដែលអាចប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជា។
លោក ហ៊ុន ម៉ានី បានលើកឡើងថា«ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះយើងគប្បីធ្វើបដិសណ្ឋារកិច្ចនិងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ»។
លោកប្រធានសសយក បានបញ្ជាក់ថា៖យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង៕/PC