​ប្រែ​សម្រួល : កញ្ញា​ដាលី​ស (VNExpress) ៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​ឧសភា​ថា យ៉ាងហោច​ណាស់​មនុស្ស ២១ នាក់​បាន​លង់ទឹក​ស្លាប់​បន្ទាប់ពី​ទូក​មួយ​បាន​ក្រឡាប់​​នៅ​ឯ​ទី​ប្រជុំជន​មាត់​ឆ្នេរ​តានួ (Tanur)​ក្នុងស្រុក​ម៉ា​ឡា​បពូ​រ៉ា​ម (Malappuram) នៃ​រដ្ឋ​កេ​រ៉ា​ឡា (Kerala)​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​។​

​លោក អាប់​ឌុល ណាហ្សា (Abdul Nazar)​អធិការរង​នគរបាល​ស្រុក​ម៉ា​ឡា​បពូ​រ៉ា​ម បាន​និយាយថា ទូក​ដែល​ផ្ទុក​អ្នកដំណើរ​មក​ដីគោក​ប្រហែល ៤០ នាក់​បាន​ក្រឡាប់ ព្រោះ​វា​ដឹក​ហួស​ចំណុះ​។​

​ប៉ូលិស​និយាយថា ភ្លាមៗ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​បាន​ស្លាប់​នោះ​ទេ ដោយ​បន្ថែម​ថា អ្នកដំណើរ​ប្រហែល ១០ នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា​ហើយ​មនុស្ស​​ជាច្រើន​ទៀត​ត្រូវបាន​បញ្ជូន​ចេញ​វិញ​បន្ទាប់ពី​ការជួយ​សង្គ្រោះ​បឋម​។​

​រដ្ឋមន្ត្រី​ក្រសួង​ជលផល​និង​អភិវឌ្ឍន៍​កំពង់ផែ​របស់​រដ្ឋ​កេ​រ៉ា​ឡា លោក វី អាប់ឌូ​រ៉ាហ៊ី​ម៉ាន់ (V. Abdurahiman)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចំនួន​អ្នក​ស្លាប់​ទំនងជា​កើនឡើង​ខណៈ​ទូក​បាន​​ជាប់​ក្នុង​ទឹក​ភក់ ហើយ​កំពុង​ត្រូវ​បាន​ទាញ​ចេញ ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​ជាប់​នៅ​ខាងក្នុង​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​រដ្ឋ​កេ​រ៉ា​ឡា (KSDMA)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​យប់​នៅ​ស្រុក​ម៉ា​ឡា​បពូ​រ៉ា​ម​កាលពី​ថ្ងៃអាទិត្យ ហើយ​ក្រុម​មក​ពី​កងកម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ​បាន​ទៅដល់​ទីតាំង​កើតហេតុ​ហើយ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​និយាយ​នៅក្នុង​សារ Twitter ថា “​ឈឺចិត្ត​ណាស់​ចំពោះ​ការបាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​ទូក​នៅ​ស្រុក​ម៉ា​ឡា​បពូ​រ៉ា​ម រដ្ឋ​កេ​រ៉ា​ឡា​”៕

​មនុស្ស​២១​នាក់​ស្លាប់​ដោយសារ​ក្រឡាប់​ទូក​នៅ​រដ្ឋ​កេ​រ៉ា​ឡា​កាលពី​យប់​ថ្ងៃអាទិត្យ