​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​,​ដេល្លី​ម៉េល​)៖ យន្តហោះ​ទម្លាក់​គ្រាប់បែក​Su-34​របស់​រុស្ស៊ី​មួយ​គ្រឿង​បាន​វាយប្រហារ​ចំណុច​ឈរជើង​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​នៅ​តំបន់​ខា​គី​វ​(Kharkiv)​ជាមួយនឹង​គ្រាប់​​បែក​បញ្ជា​នាំ​ផ្លូវ នេះ​បើ​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​។​

​នៅ​ទិស​គូ​ព្យែន​ស​ខ៍​(Kupyansk) កងកម្លាំង​រុស្ស៊ី​ក៏​បាន​រកឃើញ​និង​បំផ្លាញចោល​ក្រុម​ឈ្លបយកការណ៍​និង​ធ្វើ​វិច្ឆេទកម្ម​ចំនួន​ពីរ​របស់​អ៊ុ​យក្រែន និង​បាន​រារាំង​ការប៉ុនប៉ង​ដូរ​កម្លាំង​របស់​សត្រូវ​ចំនួន​បី​​លើក​។​

​អ្នកនាំពាក្យ​ក៏បាន​ប្រាប់​សារព័ត៌មាន​ស្ពុ​ត​និច​ថា រថយន្ត​នៃ​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ Osa​មួយ​ក៏​ត្រូវបាន​បំផ្លាញ​ដោយ​ប្រើ​កាំជ្រួច​Lancet​នៅក្បែរ​ភូមិ វ៉េ​លី​ឃី បឺ​លុក​(Velykyi Burluk)​ហើយ​កាំ​​ភ្លើង​ធំ​មួយ​របស់​អ៊ុយ​ក្រែន​ក៏​ត្រូវ​ទាហាន​រុស្ស៊ី​បំផ្លាញចោល​។​

​យន្តហោះ​Sukhoi Su-34​ហោះ​ចេញពី​មូលដ្ឋាន​អាកាស​មួយ​

​ក្នុងពេល​ជាមួយគ្នា បញ្ជាការ​យោធា​អ៊ុយ​ក្រែន​បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​បាន​បំផ្លាញ​ដ្រូ​ន​Shahed​ផលិត​នៅ​អ៊ីរ៉ង់​ចំនួន​៣៥​គ្រឿង​ដែល​រុស្ស៊ី​បញ្ជូន​មក​វាយប្រហារ​នៅ​ពាសពេញ​ប្រទេស​អ៊ុយ​​ក្រែន​។​

​យោធា​អ៊ុយ​ក្រែន​ក៏បានរាយការណ៍​ថា គ្រាប់​រ៉ុក្កែត​ចំនួន​១៦​ត្រូវបាន​រុស្ស៊ី​បាញ់​ចូល​តំបន់​ខា​គី​វ​(Kharkiv) ឃើ​សុន​(Kherson) មី​កូឡាអ៊ីវ​(Mykolaiv)​និង​ទីក្រុង​អូ​ដេសា​(Odesa)​របស់​សមុទ្រ​​ខ្មៅ​នៅ​២៤​ម៉ោង​កន្លងទៅ បន្ថែម​លើ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​៥២​ដើម​លើ​ទីតាំង​អ៊ុ​យក្រែន​។​

​នៅ​សមរភូមិ​បា​ឃ្មុត រុស្ស៊ី​ក៏​បង្កើន​ការបាញ់​ផ្លោង​ដោយ​សង្ឃឹម​អាច​ចាប់​យក​វា​ទាំងស្រុង​នៅ​យ៉ាងយូរ​ថ្ងៃ​អង្គារ​៕