ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការដៃគូ-អាជ្ញាធរមូលដ្ឋាន នឹងរួមគ្នាបើកយុទ្ធការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដែលសំដៅធ្វើយ៉ាងណា អប់រំ ផ្សព្វផ្សាយ ក៏ដូចជាទប់ស្កាត់ ការសម្លាប់សត្វព្រៃ ពីសំណាក់ជនល្មើស ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា ខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យ ក្នុងដំណាក់កាលទី២នេះ រួមមាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការ ” អន្ទាក់សូន្យ” ក្នុងខេត្ត កំពង់ស្ពឺ នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នំា២០២៣ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ គោលដៅរបស់ក្រសួង បានដាក់គោលដៅទៅខេត្តកំពង់ស្ពឺ ដោយសារខេត្តនេះ ក៏សម្បូរទៅដោយសត្វព្រៃ ហើយខេត្តនេះ ក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ។ ខេត្តកំពង់ស្ពឺ ក៏មានការដាក់អន្ទាក់ សម្លាប់សត្វព្រៃផងដែរ ហើយតាមរយៈ ការធ្វើយុទ្ធនាការនេះ គេរំពឹងថា អាចនឹងជួយកាត់បន្ថយ ការដាក់អន្ទាក់សម្លាប់ សត្វព្រៃ ហើយក៏ជាផ្នែកមួយ ជួយជំរុញដល់ការបឈ្ឈប់ ការបរិភោគសាច់សត្វព្រៃ ដែលលជាបញ្ហាប្រឈមមួយ ចំពោះការកើតមេរោគ ដល់ក្នុងចំណោមអ្នកចូលចិត្ត បរិភោគសត្វព្រៃទៀតផង។

ទាក់ទិនក្នុងរឿងនេះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ យុទ្ធនាការអន្ទាក់ សូន្យ គឺជាកិច្ចខិតខំប្រឹងប្រែង រវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជន ដើម្បីរួមគ្នាទប់ស្កាត់ ការដាក់អន្ទាក់សត្វព្រៃ និងរួមគ្នាអភិរក្សសត្វព្រៃដ៏មានតម្លៃ សម្រាប់កូនចៅជំនាន់ក្រោយ ឱ្យបានគង់វង្សយូរអង្វែង។

លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ក្រសួងបរិស្ថាន បានជំរុញឱ្យមាន ការចូលរួមយ៉ាងសកម្ម ពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមមាន ថ្នាក់ក្រោមជាតិ និង អាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់ សហគមន៍មូលដ្ឋាន ក្នុងការអភិរក្សសត្វព្រៃ ដើម្បីអភិវឌ្ឍន៍ អេកូទេសចរណ៍។

លោក រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា៖ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះ សុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។

ដោយឡែក លោក កៅ សុវណ្ណរិទ្ធ្ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា៖ ក្នុងខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយក៏ជា កន្លែងសក្តានុពល នៃតំបន់ទេសចរណ៍ធម្មជាតិ ដ៏សំខាន់មួយ នៅប្រទេសកម្ពុជា ផងដែរ។ ហេតុនេះ អាជ្ញាធរមូលដ្ឋាន ចាំបាច់ត្រូវបឈ្ឈប់ការលក់សាច់សត្វព្រៃ ហើយដែលកត្តានេះហើយ​ជួយក្នុងការកាត់បន្ថយការសម្លាប់សត្វព្រៃ។ យើងនឹង ជំរុញដល់ប្រជាសហគមន៍ ឱ្យបម្រើលើវិស័យទេសចរណ៍។ ត្រូវឱ្យសហគមន៍ មានចំណូល មានការងារធ្វើ ហើយត្រូវឱ្យពួកគាត់ ចូលរួមថែរក្សាអភិរក្សសត្វព្រៃ ជំនួសវិញ។

លោកបានថ្លែងបញ្ជាក់ថាៈ ”យើងត្រូវបានបង្កើនជីវភាពមូលដ្ឋាន ត្រូវឱ្យគាត់ងាកមក ថែរក្សាសត្វព្រៃ អ្នកដែលធ្លាប់ដាក់អន្ទាក់សត្វព្រៃ ត្រូវងាកមកចូលរួមថែរក្សា និងអភិរក្សសត្វព្រៃជំនួសវិញ”។

សូមបញ្ជាក់ថា ការបើកយុទ្ធនាការអន្ទាក់សូន្យនេះដែរ ក្នុងគោលបំណងសំខាន់ កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងកំពង់ស្ពឺ ក៏ដូចជា នៅក្នុងតំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតី ស្រឡាញ់សត្វព្រៃ កាន់តែខ្លាំងឡើង ក្នុងចំណោមសាធារណជន៕/V/R