ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្នុងអំឡុងសុន្ទរកថារំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរ ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្តេជ្ញាកាលពីថ្ងៃចន្ទទី៨ឧសភាថាកងកម្លាំងរុស្ស៊ីនឹងត្រូវកម្ចាត់នៅអ៊ុយក្រែន ដូចដែលពួកណាស៊ីអាល្លឺម៉ង់ត្រូវបានវាយបំបាក់ក្នុងឆ្នាំ ១៩៤៥ យ៉ាងអ៊ីចឹង។
សុន្ទរកថាដែលបានថតទុកនៅឯពិធីរំលឹកសង្គ្រាមក្នុងទីក្រុងគៀវនេះបានកើតឡើងមួយថ្ងៃមុនថ្ងៃជ័យជម្នះក្នុងទីក្រុងមូស្គូជាខួបសង្គ្រាមសូវៀតដែលត្រូវបានប្រារព្ធឡើងដោយការហែក្បួនរបស់កងទ័ពឆ្លងកាត់ទីលានក្រហមដោយមានសន្តិសុខការពារយ៉ាងខ្ពស់បំផុត។
ក្នុងពេលជាមួយគ្នានេះដែរ កងកម្លាំងអ៊ុយក្រែនបាននិយាយថា ពួកគេបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីជាង៣០គ្រឿង ដោយជំរុញឱ្យមានការផ្ទុះ និងសំឡេងស៊ីរ៉ែនលាន់ទ្រហឹងក្នុងដ្ឋធានីពេញមួយយប់។
លោកហ្សេលេនស្គីបាននិយាយនៅក្នុងវីដេអូមួយនៅឯពិធីរំលឹកសង្គ្រាមលោកលើកទីពីរ នៅទីក្រុងគៀវ យ៉ាងដូច្នេះថា “អំពើអាក្រក់ចាស់ៗទាំងអស់ដែលរុស្ស៊ីសម័យទំនើបកំពុងនាំយកមកវិញនេះ នឹងត្រូវកម្ចាត់ចោល ដូចដែលពួកណាស៊ីត្រូវបានកម្ចាត់យ៉ាងអ៊ីចឹង”។
“ដូចដែលយើងធ្លាប់បានបំផ្លាញអំពើអាក្រក់ជាមួយគ្នាពីមុនអ៊ីចឹង យើងឥឡូវកំពុងបំផ្លាញអំពើអាក្រក់នេះជាមួយគ្នា”។
លោកហ្សេលេនស្គីបាននិយាយបែបនេះនៅក្នុងខួបនៃការចុះចាញ់របស់ណាស៊ីអាល្លឺម៉ង់ចំពោះកងកម្លាំងសម្ពន្ធមិត្តនៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ១៩៤៥ ដែលជាទិវាជ័យជម្នះនៅអឺរ៉ុប
លោកបាននិយាយថាលោកបានដាក់សេចក្តីព្រាងច្បាប់មួយទៅកាន់សភាដើម្បីរំលឹកខួបសង្គ្រាមលោកលើកទី២ជាផ្លូវការនៅអ៊ុយក្រែននៅថ្ងៃទី ៨ ខែឧសភាផងដែរ ដែលអស់ជាច្រើនឆ្នាំមកនេះត្រូវបានប្រារព្ធនៅថ្ងៃទី ៩ ឧសភាដូចនៅក្នុងប្រទេសរុស្ស៊ីនិងបណ្តាប្រទេសអតីតសូវៀតផ្សេងទៀតដែរ។
វាជាជំហានចុងក្រោយបង្អស់ជាបន្តបន្ទាប់របស់អ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដកខ្លួនឆ្ងាយពីរដ្ឋាភិបាលក្រុងមូស្គូ រួមទាំងការប្តូរឈ្មោះផ្លូវ និងទីប្រជុំជននានា ដែលដាក់ឈ្មោះតាមឥស្សរជនសូវៀតល្បីៗ៕
ស្ត្រីចំណាស់ម្នាក់ឈរក្រៅផ្ទះដែលឆេះពីការវាយប្រហារក្នុងទីប្រជុំជន Chasiv Yar នៅភាគខាងកើតអ៊ុយក្រែន